ព័ត៌មានអន្តរជាតិ

អ្នកទោសយ៉ាងតិច ៤៣នាក់ ត្រូវបានសម្លាប់ នៅក្នុងកុបកម្ម នៅពន្ធនាគារ ប្រទេសអេក្វាឌ័រ

គ្វីតូ ៖ ការិយាល័យរដ្ឋអាជ្ញាជាតិ បានបញ្ជាក់ថា ចំនួនអ្នកទោស ដែលត្រូវបានសម្លាប់នៅក្នុងកុបកម្មនៅពន្ធនាគារ កាលពីថ្ងៃច័ន្ទ នៅក្នុងខេត្ត Pichincha ភាគពាយ័ព្យ នៃប្រទេសអេក្វាឌ័រ បានកើនឡើងដល់ ៤៣នាក់ ។

ទីភ្នាក់ងារនេះបានឲ្យដឹងតាមរយៈ Twitter ថា “រហូតមកដល់ពេលនេះ អ្នកទោសចំនួន ៤៣នាក់បានស្លាប់” ដែលជាលទ្ធផល នៃការប៉ះទង្គិចគ្នា នៅឯពន្ធនាគារក្នុងតំបន់ក្នុងទីក្រុង Santo នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

តាមសេចក្តីរាយការណ៍ បឋមបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅចន្លោះម៉ោង២និង៣០នាទីទៀប ភ្លឺម៉ោង ក្នុងស្រុកក្នុងពេលមាន អ្នកទោស ប៉ុនប៉ង រត់គេចខ្លួន ។

រដ្ឋមន្ត្រីមហាផ្ទៃលោក Patricio Carrillo បានឲ្យដឹងមុននេះថា អ្នករងរបួស ត្រូវបានជម្លៀសចេញដើម្បីព្យាបាល ហើយសាកសព របស់អ្នកស្លាប់ត្រូវបានបញ្ជូន ទៅនាយកដ្ឋានកោសល្យវិច្ច័យ វេជ្ជសាស្ត្រ Santo Domingo ។

បន្ទាប់ពីមានកុប្បកម្មនេះ សមាជិកនៃ អគ្គស្នងការ នគរបាលជាតិ បានចូលទៅ ត្រួតពិនិត្យ នៅពន្ធនាគារ ។ អាជ្ញាធរពន្ធនាគារ បានស្តីបន្ទោសការផ្ទុះឡើង នៃអំពើហឹង្សាលើការផ្ទេរ មេដឹកនាំក្រុមឧក្រិដ្ឋជន នាពេលថ្មីៗនេះទៅកាន់ពន្ធនាគារសន្តិសុខអតិបរមា La Roca នៅទីក្រុង Guayaquil ឆ្នេរសមុទ្រភាគនិរតីប្រទេស ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top