បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃអង្គារ ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលថា ប្រទេសអាល្លឺម៉ង់កំពុងមមាញឹក ក្នុងការងារលើវិធានការ សង្គ្រោះបន្ទាន់ ដើម្បីជួយប្រទេសនេះ ក្នុងការដោះស្រាយ ក្នុងករណីមានការបញ្ឈប់ភ្លាមៗ ចំពោះលំហូរឧស្ម័នធម្មជាតិ របស់រុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពខាងលើ កញ្ចប់នៃវិធានការដែលបានស្នើឡើង រួមមានការផ្តល់ប្រាក់កម្ចីបន្ថែម ដល់ក្រុមហ៊ុនថាមពល ពីធនាគារអភិវឌ្ឍន៍ រដ្ឋអាល្លឺម៉ង់ KfW ដើម្បីជួយដោះស្រាយជាមួយនឹង តម្លៃកើនឡើងខ្ពស់ ដែលបានប្រែប្រួលយ៉ាងខ្លាំង ចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធា របស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្ម របស់លោកខាងលិច តាមពីក្រោយ រួមទាំងប្រទេសអាល្លឺម៉ង់។
ប្រភព Reuters ក៏បាននិយាយផងដែរថា រដ្ឋាភិបាលទីក្រុងប៊ែកឡាំង អាចងាកទៅរកការធ្វើជាតូបនីយកម្ម ក្រុមហ៊ុនសំខាន់ៗ ដូចជាក្រុមហ៊ុនថាមពល និងរោងចក្រចម្រាញ់ប្រេងជាដើម។
សូមជម្រាបថា ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ 55% នៃការនាំចូលឧស្ម័ន របស់ប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ 2021 ដោយមានឧស្សាហកម្មជាច្រើនពឹងផ្អែកយ៉ាងខ្លាំង លើថាមពលរបស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៊ែរឡាំង បានទទួលរងសម្ពាធចំពោះ ទំនាក់ទំនងធ្ងន់ធ្ងរជាមួយរុស្ស៊ី ទាក់ទងនឹងស្ថានភាពនៅអ៊ុយក្រែន។
រដ្ឋាភិបាលបានប្រកាស កាលពីខែមុនថា ខ្លួនគ្រោងនឹងកាត់បន្ថយការពឹងផ្អែក លើការផ្គត់ផ្គង់របស់រុស្ស៊ី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែទំនងជាមិនធ្វើដូច្នេះរហូតដល់ពាក់កណ្តាលឆ្នាំ 2024។ មកទល់ពេលនេះ ទីក្រុងប៊ែរឡាំង បានដាក់ទណ្ឌកម្មលើប្រេង និងធ្យូងថ្មរបស់រុស្ស៊ី ប៉ុន្តែការចែកចាយឧស្ម័នរបស់រុស្ស៊ីបានធ្លាក់ចុះតិចតួចប៉ុណ្ណោះ៕
ប្រែសម្រួលៈ ណៃ តុលា