បរទេស៖ រដ្ឋមន្ត្រីកិច្ចការងារសង្គម របស់ប្រទេសលីបង់ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសអំពាវនាវ ស្នើសុំសហគមអន្តរជាតិ ក្នុងការ ផ្តល់ជាសំណង ប្រមាណជា៣០ពាន់លានដុល្លារ ដែលជាទំហំលីបង់ គួរតែទទួលបានក្នុងការរៀបចំ ទទួលយកជនភៀសខ្លួន ជនជាតិស៊ីរីនា ពេលកន្លងមក។
សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ក្រសួង បានបញ្ជាក់ទៀតថា លីបង់ បានទទួលយកជនភៀសខ្លួន ស៊ីរី ក្នុងរយៈពេល យូរហួសហេតុ ដែលជាហេតុធ្វើឲ្យ ចំណាយរបស់ខ្លួន មានការកើនឡើង ឥតឈប់ឈរ។
ក្នុងនោះលីបង់ បានបញ្ជាក់ថារដ្ឋាភិបាល បានចំណាយជាមធ្យម ដល់ទៅ១០០០លានដុល្លារ ជារៀងរាល់ឆ្នាំ សម្រាប់តែតម្លៃ ថាមពល ខណៈដែល ប្រមាណជា៣ពាន់លានដុល្លារទៀត សម្រាប់តែចំណីអាហារ ជានំបុ័ង ប៉ុណ្ណោះសម្រាប់ពលរដ្ឋស៊ីរី ទាំងនោះ។
គួរឲ្យដឹងដែរថា បច្ចុប្បន្នពលរដ្ឋស៊ីរី ប្រមាណជា១,៥លាននាក់ កំពុងរស់នៅក្នុងជម្រកបណ្តោះអាសន្ន ក្នុងប្រទេសលីបង់ ស្ទើរស្មើនឹងពលរដ្ឋលីបង់ ៣០ភាគរយ ប៉ុន្តែបច្ចុប្បន្ន ពួកគេមិនអាចរស់នៅ ក្នុងលក្ខខណ្ឌល្អប្រសើរឡើយ៕
ប្រែសម្រួល៖ស៊ុនលី