ញូវយ៉ក៖ តម្លៃប្រេងបានបន្តធ្លាក់ចុះ នៅថ្ងៃអង្គារ ដោយត្រូវបានដាក់សម្ពាធ ដោយការព្រួយបារម្ភ កាន់តែខ្លាំង លើផ្នែកតម្រូវការ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
West Texas Intermediate សម្រាប់ការចែកចាយ ខែមិថុនា បានបាត់បង់ ៣,៣៣ដុល្លារអាមេរិកឬ ៣,២ភាគរយដើម្បីទូទាត់នៅ ៩៩,៧៦ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange ។
ប្រេងឆៅ Brent សម្រាប់ចែកចាយខែកក្កដា បានធ្លាក់ចុះ ៣,៤៨ដុល្លារ ឬ ៣,៣ភាគរយ មកបិទនៅតម្លៃ ១០២,៤៦ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន London ICE Futures Exchange ។
ប្រតិកម្មទីផ្សារខាងលើបានធ្វើតាមការធ្លាក់ចុះដ៏សំខាន់មួយនៅលើទីផ្សារប្រេង ដែលឃើញស្តង់ដារប្រេងឆៅ របស់សហរដ្ឋអាមេរិក និង Brent ធ្លាក់ចុះ ៦,១ ភាគរយ និង ៥,៧ ភាគរយរៀងគ្នាកាលពីថ្ងៃចន្ទ។
លោក Carsten Fritsch អ្នកវិភាគថាមពល នៅក្រុមហ៊ុន Commerzbank Research បាននិយាយកាលពីថ្ងៃអង្គារថា “ការធ្លាក់ចុះនេះត្រូវបានបង្កឡើង ដោយការព្រួយបារម្ភ ផ្នែកសេដ្ឋកិច្ច ដែលត្រូវបានបង្ហាញផងដែរ នៅក្នុងទីផ្សារភាគហ៊ុន ដែលធ្លាក់ចុះយ៉ាងខ្លាំង” ។
លោកបានលើកឡើងថា “លើសពីនេះ វាក៏មានព័ត៌មាន ជាក់លាក់អំពីប្រេងមួយចំនួនផងដែរ៖ ការថយចុះគួរឱ្យកត់សម្គាល់ របស់អារ៉ាប៊ីសាអូឌីត នៃតម្លៃលក់ផ្លូវការរបស់ខ្លួន សម្រាប់អតិថិជនអាស៊ី ត្រូវបានបកស្រាយយ៉ាងច្បាស់ ដោយអ្នកចូលរួមទីផ្សារ មួយចំនួនថា ជាសញ្ញានៃតម្រូវការប្រេងធ្លាក់ចុះ៕
ប្រែសម្រួល ឈូក បូរ៉ា