ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក នឹងមិនចូលរួមកិច្ចប្រជុំកំពូល ខាងមុខនេះទេ ប្រសិនបើអាមេរិក នៅតែបន្តមិនរាប់បញ្ចូល ប្រទេសក្នុងតំបន់មួយចំនួន

ម៉ិកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថា លោកនឹងមិនចូលរួម កិច្ចប្រជុំកំពូលនៃទ្វីបអាមេរិក នាពេលខាងមុខនោះទេ ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តមិនរាប់បញ្ចូល ប្រទេសក្នុងតំបន់មួយចំនួន។

លោក Lopez Obrador បានប្រាប់អ្នកកាសែត ពីវិមានជាតិ ក្នុងទីក្រុងម៉ិកស៊ិក ថា “ប្រសិនបើពួកគេត្រូវបានដកចេញ ប្រសិនបើមិនមែនគ្រប់គ្នា ត្រូវបានអញ្ជើញទេ ខ្ញុំផ្ទាល់នឹងមិនចូលរួមទេ។ ខ្ញុំនឹងត្រូវបានតំណាង ដោយរដ្ឋមន្ត្រីការបរទេស Marcelo Ebrard” ។

លោកបានបន្ថែមថា “យើងមិនមែនសម្រាប់ ការប្រឈមមុខគ្នាទេ យើងគឺដើម្បីឯកភាព។ ទោះបីជាយើង មានការខ្វែងគំនិតគ្នាក៏ដោយ យើងអាចដោះស្រាយ វាបានដោយការស្តាប់គ្នា ទៅវិញទៅមក ប៉ុន្តែមិនមែនដោយការមិនរាប់បញ្ចូល នរណាម្នាក់នោះទេ។

លោក Lopez Obrador បាននិយាយដោយផ្ទាល់ ទៅកាន់សមភាគីអាមេរិកលោក ចូ បៃដិន ថាលោកគួរតែរៀបចំ កិច្ចប្រជុំកំពូល នៃទ្វីបអាមេរិក ដោយគ្មានការដកប្រទេសណាចេញ ដែលប្រទេសទាំងអស់ នៃតំបន់គួរតែត្រូវបាន អញ្ជើញ។

ព្រឹត្តិការណ៍ ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី០៦-១០ ខែមិថុនានៅទីក្រុង Los Angeles សហរដ្ឋអាមេរិក គឺជាកិច្ចប្រជុំ តាមកាលកំណត់របស់ប្រមុខរដ្ឋ និងរដ្ឋាភិបាល នៃបណ្តាប្រទេសនៃទ្វីបអាមេរិក ដែលបញ្ហាការទូត និងពាណិជ្ជកម្ម ត្រូវបានពិភាក្សា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top