ព័ត៌មានអន្តរជាតិ

យូអិន មិនបានធ្វើជាសហម្ចាស់ផ្ទះ ព្រឹត្តិការណ៍សន្យាស៊ីរី នោះទេ បន្ទាប់ពីអឺរ៉ុប បដិសេធមិនអញ្ជើញរុស្ស៊ី

យូអិន៖ អង្គការសហប្រជាជាតិ មិនបានធ្វើជាសហម្ចាស់ផ្ទះ នៃសន្និសីទសន្យា នៅទីក្រុងប្រ៊ុចសែល នោហទេនៅថ្ងៃអង្គារម្សិលមិញ សម្រាប់ប្រទេសស៊ីរី បន្ទាប់ពីសហភាពអឺរ៉ុប បានបដិសេធមិនអញ្ជើញរុស្ស៊ី។ នេះបើតាមអ្នកនាំពាក្យ អង្គការសហប្រជាជាតិបានបញ្ជាក់។

លោក Farhan Haq អ្នកនាំពាក្យរង របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា “អង្គការសហប្រជាជាតិ មិនត្រូវបានធ្វើជាម្ចាស់ផ្ទះរួមគ្នា នៅឆ្នាំនេះ ដូចដែលអ្នកបានដឹងនោះទេ។ សហភាពអឺរ៉ុប បានធ្វើការសម្រេចចិត្ត មិនអញ្ជើញសហព័ន្ធរុស្ស៊ី ហើយយើងសំដៅទៅលើពួកគេ សម្រាប់ហេតុផលរបស់ពួកគេ” ។

លោកបានលើកឡើងថា “តាមទស្សនៈរបស់យើង សហព័ន្ធរុស្ស៊ី គឺជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាអន្តរការីដ៏សំខាន់ ស្តីពីប្រទេសស៊ីរី” ។

ទោះជាយ៉ាងណាក៏ដោយ សន្និសីទក្រុងប្រ៊ុចសែល គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់ ហើយអង្គការសហប្រជាជាតិចូលរួមនៅឆ្នាំនេះ ដោយមានការចូលរួមពីអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ Martin Griffiths នាយកប្រតិបត្តិមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ លោកស្រី Catherine Russell និងបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី Geir Pedersen។

សន្និសីទរបស់សហភាពអឺរ៉ុបលើកទី៦ ស្តីពី “ការគាំទ្រអនាគតនៃប្រទេសស៊ីរី និងតំបន់” ត្រូវបានប្រារព្ធឡើង នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ជាមួយនឹងថ្ងៃនៃកិច្ចសន្ទនាជាទម្រង់កូនកាត់នៅថ្ងៃចន្ទ ហើយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ធ្វើឡើងដោយផ្ទាល់ នៅថ្ងៃអង្គារម្សិលមិញនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top