មិនថាប្រទេសរីកលូតលាស់ ឬប្រទេសអន់ថយនោះទេ ស្បៀងអាហារជាបង្អែកសម្រាប់ទ្រទ្រង់ ចិញ្ចឹមជីវិតរបស់ប្រជាជនទូទាំងប្រទេស ហេតុនេះហើយយើងឃើញថា ទោះជាប្រទេសមហាអំណាចដែល មានការរីកចម្រើនដល់កម្រិតណាក្តី ក៏មិនអាចបោះបង់ចោលវិស័យកសិកម្មនោះទេ ។
ជាក់ស្តែងនៅប្រទេសលោកខាងលិច ដែលមានភាពជឿនលឿនខាងបច្ចេកវិទ្យា ឧស្សាហកម្មនិងផលិតកម្មក៏មិនបាន បោះបង់ចោលវិស័យកសិកម្មឡើយ ។ ក្នុងន័យនេះ ការអភិវឌ្ឍជនបទដើម្បីលើកកម្ពស់ជីវភាព របស់កសិករជាផែនការជាតិដែលមិនអាចខ្វះបាន របស់បណ្តាប្រទេសនានា ។
ប្រទេសចិនជាអរិយប្រទេស ដ៏ចំណាស់មួយដែលមានប្រវត្តិសាស្ត្រជាង ៥ ពាន់ឆ្នាំ ។ ជាច្រើនពាន់ឆ្នាំមកនេះ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់ៗ ដើម្បីសម្រេចទិសដៅ និងគោលបំណងដែលធ្វើឱ្យប្រជាជនទូទាំងប្រទេស ហូបបានឆ្អែតនិងស្លៀកពាក់បានគ្រប់គ្រាន់ ។ អាស្រ័យហេតុនេះ ចាប់តាំងពីប្រទេសចិនថ្មី ត្រូវបានបង្កើតឡើងមក ថ្នាក់ដឹកនាំគ្រប់ជំនាន់បានផ្តោតសំខាន់ លើការអភិវឌ្ឍវិស័យកសិកម្ម ជនបទ និងកសិករ ព្រោះវាពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្ថិរភាពសង្គម ភាពសម្បូរសប្បាយរបស់ប្រទេសជាតិ និងការស្តារភាពរុងរឿងថ្កុំថ្កើង របស់ប្រជាជាតិចិន ។
ចិនជាប្រទេសធំខាងវិស័យកសិកម្ម បន្ទាប់ពីសម្រេចគោលដៅលុបបំបាត់ ភាពអត់ឃ្លានរបស់ប្រជាជន តាមរយៈការបង្កើនទិន្នផលស្បៀង ប្រទេសចិនបាននិងកំពុងខិតខំដើរ ឆ្ពោះទៅរកប្រទេសខ្លាំងខាងវិស័យកសិកម្ម ដោយមិនត្រឹមតែធ្វើសម្រាប់តែ ចិញ្ចឹមក្រពះរបស់ប្រជាជន ១.៤០០ លាននាក់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីផ្តត់ផ្តង់ស្បៀងដល់ បណ្តាប្រទេសដែលខ្វះខាតផងដែរ ដើម្បីឆ្ពោះទៅរកវិបុលភាពរួម ស្របតាមគំនិតផ្តួចផ្តើម«អភិវឌ្ឍន៍សកល» របស់ប្រធានរដ្ឋចិន ។
ក្នុងនោះ ស្រូវហាយប៊្រីត ( ប្រភេទស្រូវបង្កាត់ដែលហុចផលខ្ពស់ ) ជាផលិតផលសាធារណៈដែល ជាចំណងដៃរបស់ប្រទេសចិន ផ្តល់ជូនពិភពលោក ពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ។ ភាពជោគជ័យនៃការដាំស្រូវហាយប៊្រីត មិនត្រឹមតែដោះស្រាយបញ្ហាហូបចុក របស់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណឹងល្អសម្រាប់ប្រទេស ដែលមានភាពទន់ខ្សោយខាង បច្ចេកទេសកសិកម្មផងដែរ ។ បច្ចេកទេសដាំស្រូវហាយប៊្រីត ដែលមានភាពចាស់ទុំ បានរួមចំណែកដល់ការលើកកម្ពស់គុណភាពនៃ វិស័យកសិកម្មរបស់ប្រទេសជាច្រើន ពិសេសតំបន់អាហ្វ្រិកនិងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះប្រទេសកម្ពុជាក៏បាន នាំចូលបច្ចេកទេសដាំស្រូវហាយប៊្រីតផងដែរ ។
ឆ្នាំ២០២០ អាចនិយាយបានថា ជាពេលវេលាដែលប្រទេសចិនត្រូវប្រឈម នឹងការសាកល្បងដ៏ធំបំផុត ពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ព្រោះជាឆ្នាំចុងក្រោយដែលបក្ស និងរដ្ឋាភិបាលចិនបានសន្យា ចំពោះប្រជាជនចិនថានឹងលុបបំបាត់ ភាពក្រីក្រដោយគ្រប់ជ្រុងជ្រោយ ពោលគឺក្នុងខណៈពេលប្រយុទ្ធតតាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ត្រូវខិតខំសម្រេចទិសដៅលុបបំបាត់ ភាពក្រីក្រដោយគ្រប់ជ្រុងជ្រោយ តាមផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៣ របស់ខ្លួនផងដែរ ។
នៅក្នុងឆ្នាំ ២០២១ ប្រទេសចិនបានប្រកាសចំពោះ ពិភពលោកទាំងមូលថា ប្រជាជនដែលស្ថិតក្រោមខ្សែបន្ទាត់ក្រីក្រ បានចេញផុតពីភាពក្រីក្រទាំងអស់ ដែលជាមហាព្រឹត្តិការណ៍ពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រចិននិងពិភពលោក ។ យ៉ាងណាមិញ គម្លាតរវាងអ្នកមាន និងអ្នកក្រក្នុងសង្គមចិន នៅតែធំដដែល ប្រជាជនរស់នៅភាគខាងលិចប្រទេស ដែលសម្បូរទៅដោយតំបន់ខ្ពស់រាប ដែលមានការអភិវឌ្ឍយឺតជាងតំបន់ ភាគខាងកើតប្រទេសដែលជាតំបន់វាលទំនាប និងជាប់សមុទ្រមិនទាន់មានជីវភាព សម្បូរសប្បាយទាំងអស់គ្នានោះទេ ។
អាស្រ័យហេតុនេះ ការងារកាត់បន្ថយភាពក្រីក្រ មិនអាចផ្អាកដោយសារតែប្រជាពលរដ្ឋ ទើបចេញផុតពីភាពក្រីក្រនោះឡើយ ក្នុងន័យនេះ ចំណោទនៅចំពោះមុខរបស់រដ្ឋាភិបាលចិន ដែលត្រូវដោះស្រាយគឺ បន្ទាប់ពីចេញផុតពីភាពក្រីក្រ តើធ្វើយ៉ាងណាទើបអាចបង្ការកុំឱ្យ ពលរដ្ឋក្រីក្រពីដើមធ្លាក់ខ្លួនក្នុងភាពក្រីក្រវិញ ហើយមានជីវភាពកាន់តែប្រសើរឡើង ?
ថ្លែងក្នុងរបាយការណ៍នៃ សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ នាឆ្នាំ ២០១៧ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងពីយុទ្ធសាស្ត្រស្តារនិងអភិវឌ្ឍន៍ជនបទ ដែលបានដាក់ចេញទិសដៅសម្រាប់ការចាត់ចែងការងារដើម្បីជំរុញកិច្ចការស្តារនិងអភិវឌ្ឍន៍ជនបទ ពិសេសគឺការងារបម្រើដល់វិស័យកសិកម្ម ជនបទ និងកសិករ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចការស្តារនិងអភិវឌ្ឍន៍ជនបទ បានអនុវត្តយ៉ាងផុលផុស ស្ទើរតែគ្រប់ភូមិស្រុកទាំងអស់នៅទូទាំងប្រទេស សុទ្ធតែបានផ្លាស់ប្តូរមុខមាត់ថ្មី ហើយត្រូវបានគ្របដណ្តប់ ដោយបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី និងបណ្តាញអ៊ីនធើណេត ។ ក្រៅពីការបញ្ជាទិញ កសិផលរបស់ប្រជាកសិករនៅតំបន់ដាច់ស្រយាលក៏បានលក់ទៅគ្រប់ទីតំបន់ទូទាំងប្រទេសតាមអនឡាញដោយមានការដឹកជញ្ជូនរហ័ស ។
អនុលោមតាមទស្សនៈ «ភ្នំបៃតងទឹកថ្លាគឺជាភ្នំមាសភ្នំបា្រក់»របស់លោក ស៊ី ជីនភីង ការអភិរក្សធនធានធម្មជាតិទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលមិនត្រឹមតែធ្វើឱ្យធម្មជាតិ កាន់តែស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែវិស័យអេកូ-ទេសចរណ៍ ក៏ជាប្រភពសំខាន់នៃប្រាក់ចំណូល របស់អ្នកជនបទផងដែរ ។
«ការរំពឹងទុករបស់ប្រជាជនចំពោះជីវភាព ដ៏ល្អបវរគឺជាគោលដៅខិតខំតស៊ូរបស់យើង» នេះជាការលើកឡើងរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ។ ជាក់ស្តែង ក្រោមការខិតខំប្រឹងប្រែងជាច្រើនឆ្នាំ របស់បក្សនិងរដ្ឋាភិបាលចិន ជីវភាពរស់នៅរបស់ប្រជាជនចិន ពិសេសគឺប្រជាកសិករមានភាពធូរធារ ពីមួយថ្ងៃទៅមួយថ្ងៃ យុទ្ធសាស្ត្រនិងគោលនយោបាយជាតិ ដែលបានដាក់ចេញជាបន្តបន្ទាប់ ក៏បានដើរតួនាទីក្នុងការពង្រឹងសមិទ្ធផល នៃការងារកាត់បន្ថយភាពក្រីក្រ មួយផ្នែកគឺជួយប្រជាជនដែលមានជីវភាព មិនសូវធូរធារកុំឱ្យធ្លាក់ខ្លួនទីទាល់ក្រទៀត មួយផ្នែកទៀតជំរុញឱ្យតំបន់ជនបទ មានការអភិវឌ្ឍដូចទីក្រុងទំនើបទាន់សម័យ «សុបិនចិន»ស្តីពីការស្តារភាពរុងរឿងថ្កុំថ្កើង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ក៏មុខជានឹងសម្រេចបានជាមិនខាន ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន