ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ច្រានចោលការអះអាង របស់ចារកម្មកំពូលអាមេរិក ចំពោះផែនការដាក់ច្បាប់ អាជ្ញាសឹក

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងមូស្គូ មិនមានផែនការដាក់ច្បាប់ អាជ្ញាសឹក នៅក្នុងប្រទេស ចំពេលមានជម្លោះ ដែលកំពុងបន្តជាមួយអ៊ុយក្រែនទេ ។
លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធ ដោយច្រានចោលការអះអាងបែបនេះ ដែលធ្វើឡើងដោយចារបុរសកំពូលរបស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Peskov បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅពេលសួរដើម្បីធ្វើអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍ថ្មី ដោយនាយកទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ ជាតិអាមេរិក Avril Haines ថា “មិនមានផែនការបែបនេះទេ” ។ មន្ត្រីរូបនេះក៏បានជំរុញឱ្យ អ្នកសារព័ត៌មាន និងសាធារណជនស្តាប់ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលបាន “បញ្ជាក់ជាថ្មី និងថ្មីៗបំផុតថា ប្រតិបត្តិការយោធាពិសេស កំពុងដំណើរការតាមការគ្រោងទុក”។

សូមជម្រាបថា ចារកម្មកំពូលរបស់អាមេរិក Haines បានចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងមូស្គូ អាចដាក់ច្បាប់អាជ្ញាសឹក នៅក្នុងប្រទេស ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ លោក Haines ក៏បានអះអាងផងដែរថា “គោលបំណងរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន គឺធំជាងអ្វីដែលរុស្ស៊ីមានសមត្ថភាពខាងផ្នែកយោធា” ហើយស្ថានភាពទំនងជា “មិនអាចទាយទុកជាមុនបាន និងអាចកើនឡើងនៅក្នុងប៉ុន្មានខែខាងមុខនេះ”៕

To Top