ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន គ្រោងនឹងចំណាយ ប្រាក់១៥០លានដុល្លារ សន្យាឲ្យដល់បណ្តាមេដឹកនាំអាស៊ាន ទប់នឹងឥទ្ធិពលចិន

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងបើកការជួបជុំមេដឹកនាំអាស៊ីអាគ្នេយ៍ (អាស៊ាន)ជាមួយនឹង ការសន្យាថា នឹងចំណាយប្រាក់ចំនួន១៥០លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ ការត្រៀមបង្ការជំងឺរាតត្បាត និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ក្នុងគោលបំណង ទប់ទល់នឹងឥទ្ធិពល របស់គូប្រជែង គឺប្រទេសចិន ។

កាលពីថ្ងៃព្រហស្បតិ៍ទី១២ ឧសភា លោក បៃដិន ចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ ជាមួយសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានប្រទេសចំនួន១០ នៅទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងអាហារពេលល្ងាច សម្រាប់មេដឹកនាំ នៅសេតវិមាន មុនពេលកិច្ចពិភាក្សានៅក្រសួងការបរទេសនៅថ្ងៃសុក្រនេះ ។

រដ្ឋបាលរបស់លោកសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងនេះ នឹងបង្ហាញដល់ប្រទេសនានាថា ក្រុងវ៉ាស៊ីនតោននៅតែផ្តោតលើឥណ្ឌូប៉ាស៊ីហ្វិក និងបញ្ហាប្រឈមរយៈពេលវែងរបស់ប្រទេសចិន ដែលខ្លួនចាត់ទុក គូប្រជែងសំខាន់ របស់ប្រទេសនេះ បើទោះបីជាមានសង្រ្គាមនៅអ៊ុយក្រែន ក៏ដោយ ។

នៅក្នុងខែវិច្ឆិកា ប្រទេសចិន បានសន្យាផ្តល់ជំនួយអភិវឌ្ឍន៍ ចំនួន១,៥ពាន់លានដុល្លារ ដល់ប្រទេសអាស៊ាន ក្នុងរយៈពេល៣ ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩និងការស្តារសេដ្ឋកិច្ចឡើងវិញ ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក បានប្រាប់ដល់អ្នកយកព័ត៌មានថា “យើងត្រូវបង្កើនហ្គេម របស់យើងនៅអាស៊ីអាគ្នេយ៍” ។ “យើងមិនស្នើសុំឱ្យប្រទេសនានា ធ្វើការជ្រើសរើស រវាងសហរដ្ឋអាមេរិក និងចិននោះទេ ។ យើងចង់បញ្ជាក់ឱ្យច្បាស់ថា សហរដ្ឋអាមេរិក ស្វែងរកទំនាក់ទំនង កាន់តែរឹងមាំ” ។

ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុថ្មី រួមមានការវិនិយោគ ចំនួន៤០លានដុល្លារអាមេរិក នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ដែលមានបំណងជួយបំបែក ការផ្គត់ផ្គង់ថាមពល ក្នុងតំបន់និង៦០លានដុល្លារ ក្នុងសន្តិសុខដែនសមុទ្រ ព្រមទាំងថវិកាសុខភាព ប្រហែល១៥លានដុល្លារ ដើម្បីជួយក្នុងការរកឃើញដំបូង នៃជំងឺកូវីដ-១៩ និងជំងឺរាតត្បាតផ្លូវដង្ហើមផ្សេងទៀត។ នេះបើតាមមន្ត្រីម្នាក់ បានលើកឡើងដូច្នេះ ។ ការផ្តល់មូលនិធិ បន្ថែមនឹងជួយប្រទេសនានា អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងច្បាប់បញ្ញាសិប្បនិម្មិត ។

ឆ្មាំឆ្នេរសមុទ្រអាមេរិក ក៏នឹងដាក់ពង្រាយកប៉ាល់ មួយទៅកាន់តំបន់ ដើម្បីជួយកងនាវាក្នុងស្រុកប្រឆាំងនឹង អ្វីដែលទីក្រុងវ៉ាស៊ីនតោន និងប្រទេសក្នុងតំបន់បានពិពណ៌នាថា ជាការនេសាទខុសច្បាប់របស់ប្រទេសចិន ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top