ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ប្រឈមនឹងការព្រួយបារម្ភ ពីកំណើននាំចេញយឺត និងអតិផរណា

សេអ៊ូល៖ របាយការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងការព្រួយបារម្ភ អំពីកំណើនការនាំចេញយឺត ការធ្លាក់ចុះនៃការវិនិយោគ និងអតិផរណាខ្ពស់ ទោះបីជាមានការស្ទុះងើបឡើងវិញ នៃការប្រើប្រាស់ និងការងារក៏ដោយ ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹង នៅក្នុងរបាយការណ៍សេដ្ឋកិច្ចប្រចាំខែ របស់ខ្លួនដែលហៅថា Green Book ថាសេដ្ឋកិច្ចកូរ៉េខាងត្បូងមើលឃើញ ការងើបឡើងវិញជាបន្តបន្ទាប់នៃការងារ និងហានិភ័យកម្រិតមធ្យម សម្រាប់ការប្រើប្រាស់ឯកជន ដែលបណ្តាលមកពីការ ដកវិធានការប្រឆាំងនឹងជំងឺកូវីដ-១៩។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងបានកត់សម្គាល់ថា ក្តីបារម្ភនៅតែមានអំពីការធ្លាក់ចុះនៃការវិនិយោគ និងការងើបឡើងវិញនៃ ការនាំចេញមានកម្រិត ដោយសារហានិភ័យភូមិសាស្ត្រ នយោបាយនៅក្នុងទ្វីបអឺរ៉ុប និងការរំខានអូសបន្លាយ នៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ខណៈដែលអតិផរណាបានបន្តកើនឡើង។

ប្រទេសនេះបានដកគោលការណ៍ ណែនាំពីចម្ងាយសង្គមទាំងអស់ លើកលែងតែអាណត្តិរបាំងក្នុងផ្ទះ ដោយជំរុញការប្រើប្រាស់ឯកជន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចំពោះបញ្ហានេះ អារម្មណ៍របស់អ្នកប្រើប្រាស់ មានភាពប្រសើរឡើងសម្រាប់ខែទីពីរ ជាប់ៗគ្នាក្នុងខែមេសា ហើយចំនួនការងារបានកើនឡើង ៨៦៥០០០កន្លែង កាលពីខែមុនធៀបនឹងឆ្នាំមុន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top