HELSINKI៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងម៉ូស្គូបានព្រមានដល់ប្រទេសហ្វាំងឡង់ ថា ខ្លួននឹងប្រឈមមុខនឹង ផលវិបាក ខណៈដែលខ្លួនស្វែងរកការស្នើសុំ សមាជិកភាពអង្គការ NATO “ដោយគ្មានការពន្យាពេល” ហើយអ៊ុយក្រែន វិញបានលើកឡើងថា ខ្លួនបានធ្វើឱ្យខូចខាតដល់កប៉ាល់ដឹកជញ្ជូនរបស់កងទ័ពជើងទឹករុស្ស៊ី នៅឯសមុទ្រខ្មៅ ដែលជាកន្លែងដែលមានការប្រយុទ្ធគ្នាជាថ្មីនៅក្នុង ប៉ុន្មានថ្ងៃនាពេលថ្មីៗនេះ ។
លោក Serhiy Bratchuk អ្នកនាំពាក្យរដ្ឋបាលយោធាក្នុងតំបន់ Odesa នៅភាគខាងត្បូង អ៊ុយក្រែន បានលើកឡើងថា នាវា Vsevolod Bobrov ស្ថិតនៅក្បែរកោះពស់ ជិតព្រំដែនសមុទ្រអ៊ុយក្រែនជាមួយប្រទេសរ៉ូម៉ានី ។
លោក Bratchuk បានលើកឡើងថា “អរគុណចំពោះសកម្មភាព របស់ទាហានជើងទឹករបស់យើង នាវាគាំទ្រ Vsevolod Bobrov បានឆេះ វាគឺជានាវាថ្មីបំផុតមួយនៅក្នុងកងនាវារុស្ស៊ី” ។
ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចធ្វើការផ្ទៀងផ្ទាត់ព័ត៌មានលម្អិតដោយឯករាជ្យបាននោះទេ ។ ក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។ នាវាចម្បាំងនៅឯសមុទ្រខ្មៅ Moskva បានលិចកាលពីខែមុន ។
គួរបញ្ជាក់ថា ផែនការរបស់ប្រទេសហ្វាំងឡង់ក្នុងការដាក់ពាក្យសុំចូលជាសមាជិក NATO ដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ និងការរំពឹងទុក ដែលស៊ុយអែត នឹងធ្វើតាមនោះនឹងនាំ មកនូវការពង្រីកសម្ព័ន្ធភាពយោធា លោកខាងលិច ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានគោលបំណងរារាំង ។
ការបោះបង់ចោលអព្យាក្រឹតភាពដែលពួកគេបានរក្សាជាយូរមកហើយជាមួយសង្រ្គាមត្រជាក់នឹងជាការផ្លាស់ប្តូរដ៏ធំបំផុតមួយនៅក្នុងសន្តិសុខអឺរ៉ុបក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ។
ទីក្រុងម៉ូស្គូ បានហៅការប្រកាស របស់ហ្វាំងឡង់ថា ជាអរិភាព និងគំរាមកំហែងការសងសឹក រួមទាំងវិធានការ “បច្ចេកទេសយោធា” ដែលមិនត្រូវបានបញ្ជាក់ឲ្យដឹងច្បាស់លាស់នោះទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា