តូក្យូ ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានយល់ព្រមជាមួយសមភាគី របស់លោកមក ពីចក្រភពអង់គ្លេស កាណាដា និងបារាំង អំពីសារៈសំខាន់ នៃក្រុមប្រទេសទាំងប្រាំពីរ (G7) ដែលឈរក្នុងឯកភាព ដើម្បីដោះស្រាយការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន។
កិច្ចប្រជុំដាច់ដោយឡែក ជាមួយរដ្ឋមន្ត្រីនៅទីក្រុង Weissenhaus ភាគខាងជើងប្រទេសអាល្លឺម៉ង់ លោក Hayashi ក៏បានបញ្ជាក់អំពីកិច្ច សហប្រតិបត្តិការជិតស្និទ្ធ របស់ពួកគេឆ្ពោះទៅរក “ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ” នេះបើយោងតាមក្រសួង ការបរទេសជប៉ុន នៅក្នុងឯកសារយោង ជាក់ស្តែង មួយ ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រឆាំងនឹងការកើនឡើង នៃឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ប្រទេសចិន នៅក្នុងតំបន់ នេះ ។
ប្រទេស G-7 បាននិងកំពុងកសាងសម្ព័ន្ធអន្តរជាតិ ប្រឆាំងនឹងទីក្រុងមូស្គូ ដែលបានបើកការវាយប្រហារ យោធាប្រឆាំងនឹង អ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដោយរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ច និងសន្យាកាត់បន្ថយការ ពឹងផ្អែកលើការនាំចេញប្រេង និងឧស្ម័នរបស់រុស្ស៊ី ។
លោក Hayashi និងរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានព្រមព្រៀងគ្នាថា សន្តិសុខរបស់អឺរ៉ុប និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺមិនអាចបំបែកបានឡើយ ហើយការប៉ុនប៉ង ឯកតោ ភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាព ដោយកម្លាំង គឺមិនអាចទទួលយក បាននៅគ្រប់ទីកន្លែង ក្នុងពិភពលោក។
លោក Hayashi និងសមភាគីកាណាដា Melanie Joly បានយល់ព្រមបន្តធ្វើការរួមគ្នា ក្នុងការដាក់ទណ្ឌកម្មរុស្ស៊ី និងពង្រីកការគាំទ្រដល់អ៊ុយក្រែន ក៏ដូចជាក្នុងការឆ្លើយតបទៅ នឹងបញ្ហាទាក់ទងនឹងប្រទេសចិនផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា