បរទេស៖ ផែនការរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចបន្ថែមចំនួនជិត 40 ពាន់លានដុល្លារដល់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី ត្រូវបានពន្យាពេលហើយ ដោយព្រឹទ្ធសមាជិក Rand Paul (R-Kentucky) បានរារាំងការបោះឆ្នោតរហ័សដើម្បីអនុម័តច្បាប់ផ្តល់មូលនិធិ ហើយទំនងជាពន្យារពេលការអនុម័តទៅ យ៉ាងហោចណាស់នៅសប្តាហ៍ក្រោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Paul បានស្ថិតនៅក្នុងជំហរប្រឆាំងនឹងសំណើរបស់មេដឹកនាំព្រឹទ្ធសភា ដើម្បីអនុម័ត “ការយល់ព្រមជាឯកច្ឆ័ន្ទ” ដែលជាបទប្បញ្ញត្តិដែលអនុញ្ញាតឱ្យសេចក្តីព្រាងដែលមានការគាំទ្រទ្វេភាគីរឹងមាំ ត្រូវបានតាមដានយ៉ាងឆាប់រហ័សដោយគ្មានការពិភាក្សា។
អតីតបេក្ខភាពប្រធានាធិបតីរូបនេះ បាននិយាយថា លោកនឹងអនុញ្ញាតឱ្យមានការបោះឆ្នោតភ្លាមៗ ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានកែសម្រួល ដើម្បីរួមបញ្ចូលការតែងតាំងអគ្គអធិការពិសេស ដើម្បីតាមដានពីរបៀបដែលកញ្ចប់ជំនួយដ៏ធំត្រូវបានចំណាយ ដែលជាការទាមទារដែលមេដឹកនាំភាគច្រើននៃព្រឹទ្ធសភា Chuck Schumer (D- ញូវយ៉ក) បដិសេធមិនព្រមបំពេញតាម។
លោក Schumer បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនមាន “កាតព្វកិច្ចខាងសីលធម៌” ដើម្បីជួយអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹង “សង្រ្គាមអសីលធម៌” របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ គាត់បាននិយាយថា ការផ្តល់ការត្រួតពិនិត្យរបស់លោក Paul ត្រូវបានជំទាស់យ៉ាងខ្លាំងដោយគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋដូចគ្នា៕ប្រែសម្រួលៈ ណៃ តុលា