សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ថា នៅថ្ងៃសៅរ៍នេះប្រទេសកូរ៉េខាងជើង បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមចំនួន២១នាក់ដោយសារ “គ្រុនក្តៅ” ២ថ្ងៃបន្ទាប់ពី ប្រទេសនេះបានប្រកាសករណីស្លាប់មនុស្ស ជាលើកដំបូងរបស់ខ្លួនដែលផ្ទុះជំងឺកូវីដ-១៩ និងបានបញ្ជាឱ្យបិទទូទាំងប្រទេស ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ករណីគ្រុនក្តៅថ្មីចំនួន ១៧៤.៤៤០នាក់ ត្រូវបានរកឃើញនៅថ្ងៃសុក្រតែមួយថ្ងៃប៉ុណ្ណោះ ហើយមនុស្ស ២១នាក់បានស្លាប់ ដោយសារករណីនេះបានផ្លាស់ប្តូរទៅជា “ប្រព័ន្ធដាក់ឱ្យនៅដាច់ពីគេជាអតិបរមា” ក្នុងគោលបំណងដើម្បីបន្ថយការ រីករាលដាលនៃជំងឺតាមរយៈចំនួន ប្រជាជនដែលមិនបានចាក់វ៉ាក់សាំង ។
របាយការណ៍ ទីភ្នាក់ងារព័ត៌មានរដ្ឋ (KCNA) បានឲ្យដឹងថា “នៅថ្ងៃទី១៣ ខែឧសភា ករណីថ្មីចំនួន ១៧៤.៤៤០នាក់ ត្រូវបានរាយការណ៍នៅទូទាំងប្រទេសចំនួន ៨១.៤៣០នាក់ បានជាសះស្បើយ និង២១នាក់បានស្លាប់” ។
របាយការណ៍របស់ទីភ្នាក់ងារ KCNA មិនបានបញ្ជាក់ ថាតើ ជនរងគ្រោះវិជ្ជមានជំងឺកូវីដ-១៩ ទេ ប៉ុន្តែអ្នកជំនាញអះអាងថា ប្រទេសនេះខ្វះសមត្ថភាព ធ្វើតេស្តទ្រង់ទ្រាយធំ ។
របាយការណ៍បានឲ្យដឹងទៀតថា “ចំនួនអ្នកឈឺទូទាំងប្រទេសមានចំនួន ៥២៤.៤៤០នាក់ ដែលក្នុងនោះ ២៣៤.៦៣០នាក់ បានជាសះស្បើយទាំងស្រុង និងចំនួន ២៨៨.៨១០នាក់ កំពុងទទួលការព្យាបាល ហើយចំនួនអ្នកស្លាប់រហូតមកដល់ពេលនេះមាន ២៧នាក់” ។
ប្រទេសកូរ៉េខាងជើង បានបើកកិច្ចប្រជុំការិយាល័យ នយោបាយលើកទី២ របស់ខ្លួននៅក្នុងសប្តាហ៍នេះ ដែលគ្រប់គ្រងដោយមេដឹកនាំ គីម ជុងអ៊ុន ដែលបានលើកឡើងថា ការផ្ទុះឡើងកំពុងបង្កឱ្យមាន “ភាពចលាចល” យ៉ាងខ្លាំងនៅក្នុងប្រទេស ។ ទីភ្នាក់ងារ KCNA បានរាយការណ៍ដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា