បរទេស ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ថា អគ្គលេខាធិកាអង្គការ NATO បានថ្លែងថា សង្គ្រាមរបស់រុស្ស៊ី មកលើអ៊ុយក្រែន នឹងមិនអាចសម្រេចដូចផែនការនោះទេ ហើយថាការប៉ុនប៉ងរបស់ខ្លួន ដើម្បីដណ្តើមយកតំបន់ ដុនបាស (Donbas) ភាគខាងកើត ក៏ “ជាប់គាំង” ដែរ ។
អគ្គលេខាធិការ Jens Stoltenberg ក៏បានថ្លែងថា អ៊ុយក្រែនអាចឈ្នះនៅក្នុងជម្លោះនេះ ។
ក្រសួងការពារជាតិអង់គ្លេស (MoD) បានធ្វើការប៉ាន់ប្រមាណថា រុស្ស៊ី បានបាត់បង់កម្លាំងប្រយុទ្ធជើងគោកប្រហែល១/៣ ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើមក្នុងខែកុម្ភៈ ។
ការឈ្លានពានរបស់រុស្ស៊ី ត្រូវបានរារាំងដោយការតស៊ូ របស់អ៊ុយក្រែនយ៉ាងតឹងរឹង និងបញ្ហាភស្តុភារ ។
គោលដៅដំបូងរបស់រុស្ស៊ី ទំនងជាវាយលុកទូទាំងប្រទេស និងផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែន ។ តែផ្ទុយទៅវិញ រុស្ស៊ីបានដកខ្លួនចេញពីតំបន់ជុំវិញរដ្ឋធានី គៀវ បន្ទាប់ពីបរាជ័យក្នុងការដណ្តើម យករដ្ឋធានីនេះ ហើយចាប់តាំង ពីពាក់កណ្តាលខែមេសា បាននិងកំពុងផ្តោតការខិតខំប្រឹងប្រែង របស់ខ្លួនទៅលើខេត្តភាគខាងកើត ដែលមានទីក្រុងចំនួន២ទៅវិញ ។
នៅក្នុងទីក្រុង Kharkov ដែលជាទីក្រុងទី២របស់អ៊ុយក្រែន ក្រុមមន្ត្រីបានលើកឡើងថា កងកម្លាំងរុស្ស៊ី បានដកខ្លួនចេញពីព្រំដែន ហើយថា អ្នកស្រុកកំពុងវិលត្រឡប់មកវិញដែរ ។
លោក Stoltenberg បានថ្លែងថា “សង្រ្គាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នឹងមិនអាចទៅរួចដូចដែលទីក្រុងម៉ូស្គូបានគ្រោងទុកនោះទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា