បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា សមយុទ្ធយោធាទ្រង់ទ្រាយធំមួយ បានចាប់ផ្តើមដំណើរការហើយ នៅក្នុងប្រទេសអេស្តូនី ក្បែរទៅនឹងព្រំដែននៃប្រទេសរុស្សី។
សមយុទ្ធយោធាដែលមានឈ្មោះថា Hedgehog 2022 គឺជាសមយុទ្ធយោធាដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រ នៃតំបន់ប៉ាល់តិក ដោយសារតែជាការប្រមូលផ្តុំ នៃបណ្តាក្រុមសម្ព័ន្ធមិត្ត របស់អង្គការណាតូ ចំនួនដល់ទៅ ១៤ប្រទេស ខណៈដែលយោធា មានដល់១៥០០០នាក់។
ក្នុងនោះគេក៏សង្កេតឃើញមានកងកម្លាំងយោធា ដែលមកពីប្រទេសហ្វាំងឡង់ស៊ុយអែត និងអ៊ុយក្រែនផងដែរ ដោយប្រតិបត្តិការសមយុទ្ធ នឹងធ្វើឡើងទាំងលើអាកាសទាំងនៅលើទឹក និងលើគោកនិងក៏ដូចជាការអនុវត្ត ការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណេតទៀតផង។
ទោះបីជាយ៉ាងណាក្តី ទាំងយោធារបស់ណាតូ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអេស្តូនី បានបដិសេធការធ្វើសមយុទ្ធយោធា ដែលមានចំងាយត្រឹមតែ ៦០គីឡូម៉ែត្រនេះ គឺមិនមានគោលបំណងពាក់ព័ន្ធ ឬសំដៅទៅលើប្រតិបត្តិការយោធា ដោយរុស្សី នៅក្នុងប្រទេសអ៊ុយក្រែនឡើយ៕ ប្រែសម្រួល៖ស៊ុនលី