បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden បានសម្រេចចិត្ត ក្នុងការបញ្ចូនទ័ពអាមេរិក ទៅកាន់ប្រទេសុម៉ាលីឡើងវិញហើយ បន្ទាប់ពីការដកទ័ពកន្លងមក ដោយរដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់អតីត ប្រធានាធិបតី Donald Trump។

ការសម្រេចចិត្ត ដាក់ពង្រាយកងទ័ពអាមេរិកឡើងវិញ ទៅកាន់ប្រទេសសុម៉ាលីត្រូវបានធ្វើឡើង ក្រោយការស្នើសុំដោយមន្ទីរប៉ង់តាហ្គោន ដោយសង្ឃឹមថានឹងអាចជួយគាំទ្រ ដល់កងកម្លាំងរបស់រដ្ឋាភិបាលសុម៉ាលី ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងក្រុមសកម្មប្រយុទ្ធ al-Shabab។
រំលឹកដែរថាកាលពីឆ្នាំ២០២០ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដកទ័ពរបស់ខ្លួន ប្រមាណជា ៧០០នាក់ ចេញពីប្រទេសសុម៉ាលី ក្នុងគ្រាដែលប្រទេសមួយនេះ កំពុងទទួលស្វាគមន៍វត្តមានប្រធានាធិបតីថ្មី ដែលជាប់ឆ្នោតតាមរយៈការបោះឆ្នោត។
គួរឲ្យដឹងដែរថាប្រទេសុម៉ាលី គឺជាអ្នកដែលបានទទួលរងគ្រោះ ដោយសារបញ្ហាអសន្តិសុខអស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយសារតែក្រុមអ៊ីស្លាមជ្រុលនិយម ដែលកន្លងមកធ្លាប់បានកាន់កាប់ តំបន់មួយភាគធំរបស់ប្រទេស
ហើយនិងកំពុងបន្តធ្វើសកម្មភាពវាយប្រហារ និងគ្រប់គ្រងតំបន់មួយចំនួន នៅឡើយក្នុងប្រទេស៕ ប្រែសម្រួល៖ស៊ុនលី
