ពេលកន្លងទៅថ្មីៗនេះ សំដៅចំពោះការដែល សហរដ្ឋអាមេរិកថ្លែងថា គ្មានផែនការអញ្ជើញមេដឹកនាំរបស់គុយបា នីការ៉ាហ្កា និងវ៉េណេស៊ុយអេឡា ទៅចូលរួមកិច្ចប្រជុំកំពូលរបស់ ប្រទេសទ្វីបអាមេរិកដែលនឹង ធ្វើឡើងនៅក្រុងLos Angeles នៃសហរដ្ឋអាមេរិកនៅខែមិថុនាខាងមុខនេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបក្នុងសន្និសីទ សារព័ត៌មានជាប្រចាំថា កិច្ចប្រជុំកំពូលរបស់ប្រទេសទ្វីបអាមេរិក មិនត្រូវគ្រាន់តែប្រើប្រាស់ “ស្តង់ដារអាមេរិក” មិនត្រូវគ្រាន់តែបម្រើ “ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អាមេរិក” ក៏ដូចជាមិនត្រូវក្លាយជា “កិច្ចប្រជុំកំពូលរបស់អាមេរិក”ផងដែរ ។
សហរដ្ឋអាមេរិកធ្លាប់ជ្រោងទង់ “ម៉ុងរ៉ូនិយម” ដើម្បីចាត់ទុកតំបន់អាមេរិកឡាទីនជា “សួនផ្កានៅខាងក្រោយផ្ទះ”របស់ខ្លួនជាយូរ ។ កាលពីឆ្នាំ១៨២៣ លោក James Monroe ប្រធានាធិបតីអាមេរិក កាលនោះបានចេញផ្សាយ “សេចក្តីប្រកាសម៉ុងរ៉ូ ”ដោយបានប្រកាសថា “ទ្វីបអាមេរិកជាទ្វីបអាមេរិក របស់ប្រជាជនទ្វីបអាមេរិក” មិនអនុញ្ញាតឱ្យអឺរ៉ុប មកជ្រៀតជ្រែកនោះទេ ។ បន្ទាប់មក “ម៉ុងរ៉ូនិយម” ដែលប្រសូតឡើងដោយ“សេចក្តីប្រកាសម៉ុងរ៉ូ ”បានផ្តល់ទីសំអាងផ្នែកទ្រឹស្តី ដល់សហរដ្ឋអាមេរិកក្នុងការដណ្តើមយក អនុត្តរភាពនៅអឌ្ឍគោលខាងលិចនៃផែនដី ពោលគឺសហរដ្ឋអាមេរិកយកអ្វីដែលហៅថា “ការពារប្រទេសអាមេរិកឡាទីន”ធ្វើជាលេស ដើម្បីធ្វើឱ្យតំបន់អាមេរិកឡាទីនក្លាយជា “ក្របខ័ណ្ឌអំណាច”របស់ខ្លួន ។
ក្នុងរយៈពេល ២០០ឆ្នាំកន្លងទៅ ពីការឆក់យកដីធ្លីរបស់ ប្រទេសអាមេរិកឡាទីន មកអភិវឌ្ឍប្រទេសខ្លួន ដល់ការគ្រប់គ្រងខ្សែជីវិតសេដ្ឋកិច្ច របស់ប្រទេសការាបៀនតាមរយៈក្រុមហ៊ុនឆ្លងដែន រហូតដល់ការធ្វើឱ្យប្រទេសអាមេរិកឡាទីន និងប្រទេសការាបៀនក្លាយជា រដ្ឋចំណុះរបស់ខ្លួនតាមរយៈមធ្យោបាយ ដូចជាការជ្រៀតជ្រែក ដោយកម្លាំងអាវុធជាដើម សហរដ្ឋអាមេរិកបានប្រព្រឹត្តបទឧក្រិដ្ឋជាច្រើន នៅតំបន់អាមេរិកឡាទីន និងប្រទេសការាបៀន ។
សហរដ្ឋអាមេរិកបានកាន់កាប់ ប្រទេសដូមីនីកាដោយប្រើកម្លាំងអាវុធ ក្នុងអំឡុងពេលពីឆ្នាំ១៩១៦ដល់ឆ្នាំ១៩២៤ ។ កាលពីខែមេសាឆ្នាំ១៩៦៥ ទាហានស្នេហាជាតិរបស់ សាធារណៈរដ្ឋដូមីនីកា បានបំផុសការបះបោរ ដែលបានផ្តួលរំលំរដ្ឋាភិបាល Cabral ដែលគាំទ្រដោយសហរដ្ឋអាមេរិក ។ ដូច្នេះ សហរដ្ឋអាមេរិកបានចាត់បញ្ជូន បុគ្គលិកប្រដាប់អាវុធប្រហែល ៤ម៉ឺននាក់ទៅធ្វើការជ្រៀតជ្រែក ។ កាលពីឆ្នាំ១៩១៥ ឆ្លៀតឱកាសដែលហៃទីកើតចលាចល សហរដ្ឋអាមេរិកបាន កាន់កាប់ហៃទីដោយយក “ការការពារជនជាតិអាមេរិកនៅហៃទី” ធ្វើជាលេស ហើយរហូតដល់ឆ្នាំ១៩៣៤ ទើបដកកងទ័ពចេញពីហៃទី ។ កាលពីឆ្នាំ១៩០៣ សហរដ្ឋអាមេរិកបានបង្ខំឱ្យ ជួលកំពង់ផែដ៏ល្អប្រសើរនៅក្រុង Guantanamo របស់គុយបា ធ្វើឱ្យកន្លែងនោះក្លាយជាមូលដ្ឋានយោធា នៅបរទេសទីមួយរបស់ សហរដ្ឋអាមេរិក ហើយគិតមកទល់បច្ចុប្បន្ននេះ នៅមិនទាន់ប្រគល់ឱ្យគុយបាវិញ នៅឡើយទេ ។ កាលពីឆ្នាំ១៩៦៤ សហរដ្ឋអាមេរិកបានគាំទ្រ ទាហានប្រេស៊ីលធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក Goulart ។ល។
ប៉ុន្មានឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកចាប់ផ្តើមអនុវត្ត “ម៉ុងរ៉ូនិយមថ្មី” ដើម្បីបង្កើនកម្លាំងជ្រៀតជ្រែក និងគ្រប់គ្រងតំបន់អាមេរិកឡាទីន ឥតឈប់ឈរតាមរយៈវិធីដូចជា ប្រើប្រាស់ការដាក់ទណ្ឌកម្ម និងដាក់កម្លាំងសម្ពាធ ដោយខុសច្បាប់ជាដើម ។ ពីការអនុវត្តការដាក់ទណ្ឌកម្ម តាមតែទំនើងចិត្ត ដល់ការឃុបឃិតគ្នាដើម្បី បង្កើតជាក្រុមសម័្ពន្ធតូចគ្រប់បែបយ៉ាង ក្នុងន័យគាំពារអនុត្តរភាពសកលរបស់ខ្លួន ។
ប៉ុន្តែអនុត្តរភាពរបស់អាមេរិក បាននាំឱ្យមានការប្រឆាំងយ៉ាងទូលំទូលាយ ពីសំណាក់ប្រទេសអាមេរិកឡាទីន និងសហគមន៍អន្តរជាតិ ។ ឆ្នាំនេះគឺសហរដ្ឋអាមេរិករៀបចំ ធ្វើកិច្ចប្រជុំកំពូលទ្វីបអាមេរិកម្តងទៀត បន្ទាប់ពីរំលងអស់រយៈពេលជិត ៣០ឆ្នាំ ។ ដូច្នេះ កិច្ចប្រជុំកំពូលលើកនេះត្រូវគេចាត់ទុកថា ជាឱកាសសម្រាប់ឱ្យរដ្ឋាភិបាលលោក Biden អធិប្បាយអំពីគោលនយោបាយ ចំពោះប្រទេសអាមេរិកឡាទីន ប៉ុន្តែមេដឹកនាំរបស់ប្រទេសម៉ិកស៊ិក និងប្រទេសការាបៀនមួយចំនួនបានបង្ហាញថា ប្រសិនបើរដ្ឋាភិបាលលោក Biden ច្រានចោលប្រទេសគុយបា នីការ៉ាហ្កានិងវ៉េណេស៊ុយអេឡា ចេញពីកិច្ចប្រជុំកំពូលទ្វីបអាមេរិក នោះ ពួកគេក៏មិនចូលរួមដែរ ។
អ្វីដែលហៅថា “ទ្វីបអាមេរិកជាទ្វីបអាមេរិក របស់ប្រជាជនទ្វីបអាមេរិក” គ្រាន់តែដើម្បីលាក់បាំងមហិច្ឆតា របស់សហរដ្ឋអាមេរិកដែលប៉ុនប៉ង អនុវត្តអនុត្តរភាពនៅទ្វីបអាមេរិក និងចាត់ទុកតំបន់អាមេរិកឡាទីនជា “សួនផ្កានៅខាងក្រោយផ្ទះ”របស់ខ្លួន ។ ប៉ុន្តែ “ម៉ុងរ៉ូនិយមថ្មី” មុខជានឹងមិនបានការ នៅទ្វីបអាមេរិកនោះទេ ហើយទ្វីបអាមេរិកក៏មុខជានឹងក្លាយជា ទ្វីបអាមេរិករបស់ប្រជាជនទ្វីបអាមេរិកយ៉ាង ពិតប្រាកដជាមិនខាន!