បរទេស៖ នៅក្នុងសេដ្ឋកិច្ចគឺមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗ ដូចជាការកើនឡើងអតិផរណា ការដំឡើងអត្រាការប្រាក់ ការធ្លាក់ថ្លៃរូបិយប័ណ្ណ សូម្បីតែការធ្លាក់ចុះសេដ្ឋកិច្ច អាចត្រូវបានរកឃើញរហូត ដល់មួយឆ្នាំខាងមុខ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា សូមយកការកើនឡើងថ្មីៗ នៃអតិផរណាពិភពលោកជាឧទាហរណ៍ ការកើនឡើងយ៉ាងឆាប់រហ័ស នៃទំនិញពិភពលោកបានចាប់ផ្តើមមួយឆ្នាំ មុនពេលការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភៈ។
ការកើនឡើងនៃតម្លៃទំនិញជាច្រើន បានឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញ នៃតម្រូវការបន្ទាប់ពីការផ្ទុះឡើង នៃជំងឺកូវីដ១៩ និងការផ្គត់ផ្គង់កាន់តែយ៉ាប់យ៉ឺន ដោយសារកង្វះការវិនិយោគទៅ ពង្រីក និងរក្សាសង្វាក់ផ្គត់ផ្គង់ ក្នុងកំឡុងឆ្នាំនៃការរាតត្បាតកូវីដ១៩។
នេះគឺជាឧទាហរណ៍មួយចំនួន នៃការឡើងថ្លៃទំនិញចាប់ពីខែមករា ឆ្នាំ ២០២១ ដល់ខែមករា ឆ្នាំ ២០២២ ជាមូលដ្ឋានមួយខែ មុនពេលរុស្ស៊ីឈ្លានពាន៖ ប្រេងឆៅបានកើនឡើង 57%, ផូស្វាត (សារធាតុផ្សំសំខាន់សម្រាប់ជី) កើនឡើង 104%, សណ្តែកសៀងកើនឡើង 34%, ស្រូវសាលីកើនឡើង 29% , សាច់មាន់កើនឡើង 59% និងសាច់គោកើនឡើង 34% ។
ដូច្នេះ ដោយមានឬគ្មានជម្លោះ រុស្ស៊ី-អ៊ុយក្រែន ក៏អតិផរណានឹងក្លាយជាក្តីបារម្ភដ៏ធ្ងន់ធ្ងរ នៅឆ្នាំនេះ ហើយ Fed (ធនាគារកណ្តាលអាមេរិក) គួរតែដំឡើងអត្រាការប្រាក់របស់ខ្លួន ដើម្បីកាត់បន្ថយសម្ពាធអតិផរណា នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១ ជាជាងរង់ចាំរហូតដល់ ខែមីនានេះ។ ទោះជាយ៉ាងណាក៏ដោយ សង្រ្គាមមិនអាចប្រកែកបាន ធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង ជាមួយនឹងតម្លៃទំនិញ ជាពិសេសក្នុងវិស័យថាមពល ដែលជំរុញឱ្យ Fed ដំឡើងអត្រាការប្រាក់ពីរដងដោយ ៧៥ ចំណុចមូលដ្ឋាន។ ការដំឡើងអត្រាការប្រាក់បន្ថែមទៀត នឹងត្រូវបានរំពឹងទុក ៕ ប្រែសម្រួលៈ ណៃ តុលា