ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការ ជាមួយប្រទេសទាំងអស់ រួមទាំងប្រទេស BRICS ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ រួមនៅជុំវិញពិភពលោក។
លោក ស៊ី បានធ្វើការកត់សម្គាល់ នៅក្នុងសារអបអរសាទរមួយទៅកាន់កិច្ចប្រជុំនិម្មិត ដែលចូលរួមដោយតំណាង មកពីគណបក្សនយោបាយ ក្រុមអ្នកគិត និងអង្គការសង្គមស៊ីវិលនៅក្នុងប្រទេស BRICS និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ។
លោក ស៊ី បានលើកឡើងថា ដោយសារការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកដ៏ផុយស្រួយ ការពង្រីកគម្លាត នៃការអភិវឌ្ឍន៍ និងបញ្ហាប្រឈមធ្ងន់ធ្ងរ ដូចជាការប្រែប្រួលអាកាសធាតុ និង អភិបាលកិច្ចឌីជីថល ប្រជាជាតិ BRICS គួរតែរក្សាភាពស្មោះត្រង់ ចំពោះគោលបំណង បង្កើតរបស់ប្លុកនេះ ហើយធ្វើការជាមួយប្រទេស កំពុងអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីឈានទៅរកបញ្ហាប្រឈម និងបើកអនាគតដ៏ភ្លឺស្វាង ។
លោក ស៊ី បានបន្ដថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេសទាំងអស់ រួមទាំងបណ្តាប្រទេស BRICS ដើម្បីពន្លឿន ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព ជំរុញឱ្យមានការអនុវត្តន៍គំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល និងរួមគ្នាកសាង សហគមន៍អភិវឌ្ឍន៍សកល ។
លោកបានសង្កត់ធ្ងន់ថា គណបក្ស នយោបាយ ក្រុមអ្នកគិត និងអង្គការសង្គមស៊ីវិលនៃ BRICS និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត គួរតែបំពេញការទទួលខុសត្រូវ របស់ពួកគេ ផ្លាស់ប្តូរស៊ីជម្រៅ និងរួមចំណែកប្រកបដោយប្រាជ្ញា និងអំណាច ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍សកលរួមគ្នា និងកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ៕ប្រែសម្រួល ឈូក បូរ៉ា