សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន នឹងបើកកិច្ចប្រជុំកំពូលលើកដំបូង របស់ពួកគេនៅថ្ងៃសៅរ៍ ដោយបញ្ហាកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺជារបៀបវារៈកំពូល។
លោក Yoon ដែលបានស្បថចូលកាន់តំណែង ជាប្រធានាធិបតីនៅថ្ងៃទី១០ ខែឧសភា នឹងមានកិច្ចប្រជុំកំពូលទ្វេភាគីដំបូងបំផុត ដែលមិនធ្លាប់មាន ជាមួយសមភាគីអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក បៃដិន បានចាប់ផ្តើម ដំណើរទស្សនកិច្ច រយៈពេល ៥ថ្ងៃ នៅអាស៊ី កាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងនាំ លោកទៅកាន់ ប្រទេសជប៉ុន ផងដែរ។ វាជា ដំណើរទស្សនកិច្ច លើកដំបូងរបស់លោក បៃដិន ទៅកាន់តំបន់នេះ ចាប់តាំងពីចូលកាន់តំណែង កាលពីឆ្នាំមុន។
ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង នៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីការបាញ់បង្ហោះកាំជ្រួចជាច្រើនដងពីកូរ៉េខាងជើង លោក Yoon និងលោក បៃដិន ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីវិធីពង្រឹង ការរារាំងប្រឆាំងនឹងប្រទេសផ្តាច់មុខ ដែលត្រូវបានគេមើលឃើញថា បានបញ្ចប់ការត្រៀមលក្ខណៈ សម្រាប់ការសាកល្បង នុយក្លេអ៊ែរ មួយផ្សេងទៀត ។
ក្នុងករណីមានការបង្កហេតុ ធំណាមួយពីទីក្រុងព្យុងយ៉ាង កើតឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោក បៃដិន ទៅកាន់ទីក្រុងសេអ៊ូល មេដឹកនាំទាំងពីរនឹងបញ្ជាកង កម្លាំងរួមនៃប្រទេសរបស់ពួកគេជា “ផែនការ B” នេះបើយោងតាមការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា នៅក្នុងជុំចុងក្រោយ នៃការបាញ់មីស៊ីល កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៣គ្រាប់កាលពីថ្ងៃទី១២ ឧសភា ដែលជាការបាញ់បង្ហោះលើកទី៣ ក្នុងខែនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
