ព័ត៌មានអន្តរជាតិ

Update៖  អ៊ុយក្រែន ច្រានចោលបទឈប់បាញ់គ្នា ខណៈរុស្ស៊ី បង្កើនការវាយលុកនៅក្នុងតំបន់ Donbas

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែនបានច្រានចោលបទឈប់បាញ់ ឬការធ្វើសម្បទានដល់ទីក្រុងម៉ូស្គូ ខណៈដែលរុស្ស៊ី បានបង្កើនការវាយលុកនៅក្នុងតំបន់ Donbas ភាគខាងកើត និងបញ្ឈប់ការផ្តល់ឧស្ម័នដល់ប្រទេសហ្វាំងឡង់ ស្របពេលដែលប្រធានាធិបតីប៉ូឡូញ Andrzej Duda បានរៀបចំថ្លែងទៅកាន់សភាអ៊ុយក្រែន នៅថ្ងៃអាទិត្យនេះ ។

បន្ទាប់ពីបញ្ចប់ការតស៊ូជាច្រើនសប្តាហ៍ ដោយក្រុមយុទ្ធជនអ៊ុយក្រែនចុងក្រោយនៅទីក្រុង Mariupol ភាគអាគ្នេយ៍ ជាយុទ្ធសាស្ត្រ ប្រទេសរុស្ស៊ី កំពុងធ្វើការវាយលុកដ៏ធំមួយនៅទីក្រុង Luhansk ដែលជាខេត្តមួយក្នុងចំណោមខេត្ត២នៅ Donbas ។

ក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី បានគ្រប់គ្រងទឹកដីជាច្រើននៅ Luhansk និងខេត្ត Donetsk ដែលនៅជិតខាង នៅមុនពេលធ្វើការលុកលុយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ប៉ុន្តែក្រុងម៉ូស្គូចង់ដណ្តើមយកទឹកដីចុងក្រោយ ដែលកាន់កាប់ដោយអ៊ុយក្រែនដែលនៅសេសសល់នៅ Donbas ។

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅក្នុងសុន្ទរកថា នាពេលរាត្រីរបស់គាត់ថា “ស្ថានភាពនៅ Donbas គឺពិបាកខ្លាំងណាស់” ។ លោកបានថ្លែងថា កងទ័ពរុស្ស៊ី កំពុងព្យាយាមវាយប្រហារទីក្រុង Sloviansk និង Sievierodonetsk ប៉ុន្តែកងកម្លាំងអ៊ុយក្រែនកំពុងរារាំងការរុលទៅមុខរបស់ពួកគេ។

ទីប្រឹក្សារបស់លោក Zelenskyy  គឺលោក Mykhailo Podolyak បានច្រានចោលការយល់ព្រមចំពោះបទឈប់បាញ់មួយ ហើយបានលើកឡើងថា ក្រុងគៀវ នឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងម៉ូស្គូ ដែលពាក់ព័ន្ធនឹងការប្រគល់ទឹកដីនោះទេ។ លោកបានលើកឡើងថា ការធ្វើសម្បទាននឹងមានប្រតិកម្មលើអ៊ុយក្រែនព្រោះរុស្ស៊ី នឹងវាយបកកាន់តែខ្លាំងឡើងបន្ទាប់ពីមានការបែកបាក់ក្នុងការប្រយុទ្ធគ្នា ។

លោក Podolyak អ្នកចរចាដំបូងគេរបស់អ៊ុយក្រែនបានប្រាប់ដល់ទីភ្នាក់ងារ Reuters ក្នុងបទសម្ភាសន៍មួយនៅក្នុងការិយាល័យប្រធានាធិបតី ដែលមានការយាមកាមយ៉ាងតឹងរឹងថា “សង្រ្គាមនឹងមិនបញ្ឈប់ទេ (បន្ទាប់ពីសម្បទាន) ។ វានឹងត្រូវបានដាក់ឱ្យផ្អាកមួយរយៈ” ។ “ពួកគេនឹងចាប់ផ្តើមការវាយលុកថ្មី ដែលកាន់តែបង្ហូរឈាម និងទ្រង់ទ្រាយធំ” ។

ការអំពាវនាវនាពេលថ្មីៗនេះ ឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ បានធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងនាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi ៕

To Top