ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឲ្យដឹងថា អ្វីដែលគេហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” របស់សហរដ្ឋអាមេរិក នឹងត្រូវបរាជ័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Wang Yi បានធ្វើអត្ថាធិប្បាយ នៅពេលជួបជាមួយសារព័ត៌មាន បន្ទាប់ពីបានជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Bilawal Bhutto Zardari នៅទីក្រុង Guangzhou ភាគខាងត្បូងប្រទេសចិន។
នៅពេលត្រូវបានសួរអំពីអ្វីដែលគេហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” ដែលត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំងក្លា ដោយសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ប្រទេសចិន លោក Wang Yi បានលើកឡើងថា “យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក” របស់សហរដ្ឋអាមេរិក កំពុងបង្កឱ្យមានការប្រុងប្រយ័ត្ន និងការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងសហគមន៍អន្តរជាតិ ជាពិសេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។
នេះគឺដោយសារតែយុទ្ធសាស្ត្រ ដែលគេហៅថាបានបោះបង់ចោល នូវចេតនារបស់ខ្លួន មិនត្រឹមតែប៉ុនប៉ងលុបឈ្មោះ “អាស៊ីប៉ាស៊ីហ្វិក” និងស្ថាបត្យកម្មកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព្យាយាមលុបបំបាត់ សមិទ្ធិផល និងសន្ទុះនៃការអភិវឌ្ឍន៍ ដោយសន្តិភាពដែលបង្កើតឡើងដោយ លោក Wang Yi បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ប្រទេសក្នុងតំបន់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
លោកបានបន្ដថា ប្រជាជននៅអាស៊ីប៉ាស៊ីហ្វិក នៅតែចងចាំពីជម្លោះ និងការប្រឈមមុខគ្នា ដែលបណ្តាលមកពីអនុត្តរភាព ហើយពួកគេចង់បានស្ថិរភាពជាតិ និងជីវិតដ៏រីករាយ ខណៈដែលប្រទេសក្នុងតំបន់ មិនចង់ចូលភាគី ហើយសង្ឃឹមថា ប្រទេសនានាអាចរស់នៅជាមួយគ្នាក្នុង ឯកភាព និងបន្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕ ប្រែសម្រួល ឈូក បូរ៉ា