តូក្យូ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសនៅថ្ងៃចន្ទ នាទីក្រុងតូក្យូថា ប្រទេសចំនួន ១៣ នឹងចូលរួមក្នុងគំនិតផ្តួចផ្តើម ពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិកថ្មី ដែលដឹកនាំដោយ សហរដ្ឋអាមេរិក ដែលបានលើកឡើងថា ជាការប្រឆាំងទៅនឹង ការពង្រីកយ៉ាងខ្លាំងក្លា របស់ចិន នៅក្នុងតំបន់។
លោក បៃដិន បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ថា “សហរដ្ឋអាមេរិក និងជប៉ុន រួមជាមួយនឹង ប្រទេសចំនួន ១១ផ្សេងទៀត នឹងចាប់ផ្តើម” ក្របខ័ណ្ឌសេដ្ឋកិច្ច ឥណ្ឌូប៉ាស៊ីហ្វិក សម្រាប់វិបុលភាព ឬ IPEF ។
លោកបានលើកឡើងថា “ក្របខ័ណ្ឌនេះ គឺជាការប្តេជ្ញាចិ ក្នុងការធ្វើការជាមួយមិត្តភក្តិជិតស្និទ្ធ និងដៃគូរបស់យើង នៅក្នុងតំបន់លើបញ្ហាប្រឈម ដែលមានសារៈសំខាន់បំផុត ក្នុងការធានាការប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច ក្នុងសតវត្សទី២១” ។
លោកមិនបានឲ្យដឹងនោទេថា ប្រទេសណាខ្លះ ដែលបានចុះហត្ថលេខាលើ IPEF រួចហើយដែលសេតវិមាន កំពុងចេញវិក្កយបត្រជាក្របខ័ណ្ឌ សម្រាប់អ្វីដែលចុងក្រោយ នឹងក្លាយជាក្រុមប្រទេសពាណិជ្ជកម្ម ដ៏រឹងមាំមួយ៕
ប្រែសម្រួល ឈូក បូរ៉ា