បរទេស៖ លោក Vyacheslav Volodin ប្រធានសភា Duma រុស្ស៊ីបាននិយាយនៅថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ គ្រោងនឹងទូទាត់បំណុលរបស់បរទេសជាប្រាក់រូប្ល ជារូបិយបណ្ណរុស្ស៊ី។ ការប្រកាសនេះបានកើត ឡើងបន្ទាប់ពី សហរដ្ឋ អាមេរិក បានរារាំង រុស្ស៊ី ពីការផ្តល់បំណុលរបស់ខ្លួនដល់ម្ចាស់មូលបត្របំណុលអាមេរិក។
យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី25 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Volodin ថា ប្រទេសរុស្ស៊ីមានធនធានរូបិយវត្ថុចាំបាច់ទាំងអស់សម្រាប់ការទូទាត់។
លោក Volodin បាននិយាយនៅលើប៉ុស្តិ៍ Telegram របស់គាត់នៅថ្ងៃពុធថា “សហរដ្ឋអាមេរិក និងផ្កាយរណបដែលគាំទ្រការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន គួរតែស៊ាំនឹងប្រាក់រូប្ល” ដោយលើកឡើងពីបទពិសោធន៍របស់រុស្ស៊ី ដែលទាមទារការទូទាត់ប្រាក់រូប្លែ សម្រាប់ការដឹកជញ្ជូនឧស្ម័ន ជាឧទាហរណ៍អំពីរបៀបដែល ការទូទាត់អាចដំណើរការបាន។
ជាងនេះទៅទៀត ក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងម៉ូស្គូនឹងបន្ត បំពេញកាតព្វកិច្ចបំណុលរដ្ឋរបស់ខ្លួន បើទោះបីជាមានការរឹតបន្តឹងពីខាងក្រៅក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា