បរទេស៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកកំពុងស្វែងរក ការកែទម្រង់ប្រព័ន្ធការពារ របស់កោះតៃវ៉ាន់ ដោយផ្អែកលើបទពិសោធន៍ ដែលទទួលបានពីការបញ្ជូនជំនួយយោធា ទៅឱ្យអ៊ុយក្រែន ដែលបច្ចុប្បន្នកំពុងជាប់គាំង នៅក្នុងជម្លោះជាមួយរុស្ស៊ី ។ នេះបើយោងតាមការលើកឡើង របស់មន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី25 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា កាសែត New York Times បានផ្សាយថា យុទ្ធសាស្ត្រថ្មី របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ផ្តោតលើការផ្តល់ឱ្យតៃវ៉ាន់ នូវសមត្ថភាពការពារមិនស្មើគ្នា ដែលនឹងជួយឱ្យខ្លួន ទប់ទល់នឹងកម្លាំងដ៏ខ្លាំងជាងនេះ។
NYT បានផ្សាយទៀតថា ការទិញសព្វាវុធចុងក្រោយបង្អស់ របស់កោះតៃវ៉ាន់ ដែលផលិតពីសហរដ្ឋអាមេរិក បានឆ្លុះបញ្ចាំងពីវិធីសាស្រ្តផ្លាស់ប្តូរនេះ ដោយបន្ថែមថា វេទិការ៉ុក្កែតចល័ត យន្តហោះចម្បាំង F-16 និងមីស៊ីលប្រឆាំងនាវា “គឺស័ក្តិសមជាងសម្រាប់ការវាយលុក កម្លាំងឈ្លានពាន”។ ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បើតាមសេចក្តីរាយការណ៍ គឺ បានបង្អាក់ទឹកចិត្តក្រុងតៃប៉ិ ពីការទិញឧទ្ធម្ភាគចក្រ MH-60R Seahawk និងរថក្រោះ M1A2 Abrams ទៅវិញ៕ ប្រែសម្រួលៈ ណៃ តុលា