គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ថា លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន និងអ្នកចរចាសន្តិភាព បានលើកឡើងកាលពីថ្ងៃសៅរ៍ថា កិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ី មិនអាចជឿទុកចិត្តបានឡើយ ដោយបានបន្ថែមថា មធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់ការឈ្លានពានរបស់ទីក្រុងម៉ូស្គូ គឺដោយកម្លាំង ។
លោក Podolyak បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា “កិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ី មិនមានតម្លៃទេ” ។
“តើអាចចរចាជាមួយប្រទេស ដែលតែងតែកុហកបោកប្រាស់ និងការឃោសនាដែរឬទេ?” ។
រុស្ស៊ី និងអ៊ុយក្រែនបានស្តីបន្ទោសគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាសន្តិភាពបានជាប់គាំង ជាមួយនឹងការចរចាទល់មុខគ្នាចុងក្រោយដែលគេស្គាល់នៅថ្ងៃទី២៩ ខែមីនា ។ វិមានក្រឹមឡាំងបានលើកឡើងថា កាលពីដើមខែនេះអ៊ុយក្រែនបង្ហាញឆន្ទៈក្នុងការបន្តកិច្ចចរចាសន្តិភាព ខណៈដែលមន្ត្រីនៅទីក្រុង គៀវ បានស្តីបន្ទោសរុស្ស៊ីចំពោះការ កង្វះវឌ្ឍនភាព ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានលើកឡើងថា មនុស្សតែមួយគត់ដែលគួរនិយាយជាមួយគឺប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន ចាប់តាំងពីគាត់បានធ្វើការសម្រេចចិត្តទាំងអស់ ។
គាត់បានប្រាប់ទូរទស្សន៍ហូឡង់ ក្នុងបទសម្ភាសន៍មួយដែលបានថតកាលពីថ្ងៃសុក្រថា “វាមិនមានបញ្ហាអ្វីដែលរដ្ឋមន្ត្រីការបរទេសរបស់ពួកគេនិយាយនោះទេ ។ វាមិនមានបញ្ហាអ្វីទេដែលគាត់បញ្ជូនក្រុមចរចាមួយចំនួនមកពួកយើង… មនុស្សទាំងអស់នេះមិនមែនជានរណាទេ” ។
លោក ពូទីន បានលើកឡើងថា កងកម្លាំង រុស្ស៊ីកំពុងធ្វើប្រតិបត្តិការពិសេសមួយ ដើម្បីកម្ចាត់អ៊ុយក្រែន និងកម្ចាត់ពួកអ្នកជាតិនិយមជ្រុលនិយមប្រឆាំងរុស្ស៊ី ។ អ៊ុយក្រែន និងសម្ព័ន្ធមិត្ត ហៅវាថា ជាលេសមិនពិត ។
លោក Podolyak បានលើកឡើងថា “រុស្ស៊ីបានបង្ហាញថា ខ្លួនជាប្រទេសព្រៃផ្សៃ ដែលគំរាមកំហែងសន្តិសុខពិភពលោក ។ “មនុស្សព្រៃផ្សៃអាចត្រូវ បានបញ្ឈប់ដោយកម្លាំង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា