គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃសៅរ៍ថា លោកបានពិភាក្សាអំពីការគាំទ្រ ផ្នែកការពារជាតិសម្រាប់អ៊ុយក្រែននៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ។
លោក Zelensky បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “យើងបានលើកឡើងអំពីការពង្រឹងការគាំទ្រ ផ្នែកការពារជាតិសម្រាប់អ៊ុយក្រែន ការពង្រឹងការងារលើការធានាសន្តិសុខ” ។
មេដឹកនាំអ៊ុយក្រែន បានឲ្យដឹងទៀតថា ភាគីនានាក៏បានលើកឡើងអំពីបញ្ហានៃការផ្គត់ផ្គង់ ប្រេងឥន្ធនៈសម្រាប់អ៊ុយក្រែនចំពេលមានវិបត្តិថាមពល ។
កាលពីដើមខែនេះ Johnson បានប្រកាសថា រដ្ឋាភិបាលអង់គ្លេសនឹងផ្តល់ជំនួយយោធា ចំនួន១,៣ពាន់លានផោន ស្មើនឹងប្រហែល១,៦៤ពាន់លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា