បរទេស៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck បាននិយាយកាលពីថ្ងៃអាទិត្យថា ការរួបរួមរបស់សហភាពអឺរ៉ុប ដែលបានបង្ហាញបន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការវាយលុករបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកំពុងចាប់ផ្តើម “បែកបាក់” ។ ការព្រមាននេះធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលរបស់ប្លុកនេះ ដើម្បីពិភាក្សាអំពីកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងម៉ូស្គូ និងការហ៊ុមព័ទ្ធប្រេងដែលមានសក្តានុពល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមលោក Habeck បានប្រាប់សន្និសីទសារព័ត៌មានថា “បន្ទាប់ពីរុស្ស៊ីវាយប្រហារអ៊ុយក្រែន យើងបានឃើញអ្វីដែលអាចកើតឡើងនៅពេលដែលអឺរ៉ុបឈររួបរួម។ ជាមួយនឹងទិដ្ឋភាពនៃកិច្ចប្រជុំកំពូលនៅថ្ងៃស្អែក យើងសង្ឃឹមថាវានឹងបន្តដូចនេះ ប៉ុន្តែវាបានចាប់ផ្តើមបាក់បែកម្តងហើយម្តងទៀត”។
សហភាពអឺរ៉ុបបានជួបការលំបាកក្នុងការយល់ព្រមលើការដាក់ទណ្ឌកម្មប្រេងលើប្រទេសរុស្ស៊ី ដោយប្រទេសសមាជិកជាច្រើនបានសម្តែងការព្រួយបារម្ភថា ការដាក់ទណ្ឌកម្មលើរុស្ស៊ីនេះនឹងក្លាយទៅជាគ្រោះថ្នាក់ដល់សេដ្ឋកិច្ចរបស់ពួកគេ។ ហុងគ្រី ដែលទទួលប្រេងភាគច្រើនពីរុស្ស៊ី គឺជាអ្នកប្រឆាំងដ៏លេចធ្លោបំផុតចំពោះការដាក់ទណ្ឌកម្ម ដោយប្រៀបធៀបឥទ្ធិពលសក្តានុពលនៃការហាមប្រាមទាំងស្រុងទៅនឹង “គ្រាប់បែកបរមាណូ”។ ការព្រួយបារម្ភស្រដៀងគ្នានេះ ជុំវិញការហាមប្រាមនេះ ក៏មានប្រទេសផ្សេងទៀត ដូចជា ឆេក និងស្លូវ៉ាគី។
កាលពីដើមសប្តាហ៍នេះ ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានផ្តល់ការពន្យល់អំពីមូលហេតុដែល EU នៅតែបន្តទិញប្រេងពីរុស្ស៊ី៕