ប្រេស៊ីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ថាភ្លៀងធ្លាក់ខ្លាំងនៅភាគឦសាន នៃប្រទេសប្រេស៊ីល បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៧៩នាក់បាត់បង់ជីវិត និងរាប់សិបនាក់បាត់ខ្លួន នេះបើតាមមន្ត្រីការពារស៊ីវិលបានប្រាប់ឲ្យដឹងកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានប្រមូលផ្ដុំគ្នា ហើយមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ។
អាជ្ញាធរការពារជនស៊ីវិលនៃរដ្ឋ Pernambuco ដែលសហគមន៍រងផលប៉ះពាល់នៃ Recife និង Olinda ស្ថិតនៅបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គិតត្រឹមម៉ោង៦ល្ងាចថ្ងៃអាទិត្យ ចំនួនមនុស្សស្លាប់ដោយសារភ្លៀងធ្លាក់បានកើនឡើងដល់៧៩នាក់” ។
គ្រោះមហន្តរាយនេះគឺជារឿងចុងក្រោយបង្អស់នៃគ្រោះបាក់ដី និងទឹកជំនន់ដែលបង្កឡើង ដោយអាកាសធាតុអាក្រក់បំផុតនៅក្នុងប្រទេសប្រេស៊ីល នាពេលថ្មីៗនេះ ។
ចំនួនអ្នកស្លាប់បានកើនឡើងជាបន្តបន្ទាប់កាលពីចុងសប្តាហ៍ រួមទាំងគ្រោះបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យទឹកទន្លេហូរហៀរ និងទឹកហូរភក់បានបោកបក់បំផ្លាញអ្វីៗគ្រប់យ៉ាងតាមផ្លូវជាច្រើន ។
សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ក្រសួងការពារជាតិស៊ីវិលមិនបានផ្តល់នូវបច្ចុប្បន្នភាពអំពីចំនួនមនុស្សបាត់ខ្លួននោះទេ ទោះបីជាទីភ្នាក់ងារនេះបានរាយការណ៍ថា មនុស្ស៥៦នាក់នៅតែមិនទាន់រកឃើញ និងជិត៤.០០០នាក់ដែលបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ៕