ប៉េកាំង៖ ប្រទេសចិន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក បានឈានដល់ការឯកភាពគ្នាចំនួន៥ចំណុច នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស លើកទីពីរ របស់ពួកគេ នេះបើតាមការអញ្ជើញ របស់សមាជិកក្រុមប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេស ចិន លោក Wang Yi ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រី ហ្វ៊ីជី និងរដ្ឋមន្ត្រីការបរទេសលោក Voreqe Bainimarama ដែលជាសហប្រធាននៃកិច្ចប្រជុំនោះ លោក Wang Yi បានឲ្យដឹងថា កិច្ចប្រជុំនេះគឺជាជោគជ័យមួយ ហើយបាមបង្កើតការឯកភាពគ្នា ក្នុងទិដ្ឋភាព ៥ចំណុច។
លោកបានលើកឡើងថា ប្រទេសចិន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក បានព្រមព្រៀងគ្នាក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរបស់ពួកគេ ការពារអធិបតេយ្យភាព ឯករាជ្យភាព និងសេចក្តីថ្លៃថ្នូរជាតិ បន្តការអភិវឌ្ឍន៍ និងវិបុលភាពរួម រក្សាពហុភាគីនិយមពិតប្រាកដ និងលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជន។
កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសចិន ហ្វីជី គីរីបាទី សាម័រ នីយូ ប៉ាពួញូហ្គីណេ វ៉ានូអាទូ មីក្រូនេស៊ី កោះសូឡូម៉ុន និងតុងហ្គា ព្រមទាំងអគ្គលេខាធិការនៃវេទិកាប្រជុំកោះប៉ាស៊ីហ្វិក (PIF) តាមអ៊ីនធឺណិត៕
ប្រែសម្រួល ឈូក បូរ៉ា