ព័ត៌មានអន្តរជាតិ

G-7 សោកស្តាយយ៉ាងខ្លាំង ចំពោះការបរាជ័យ របស់អង្គការសហប្រជាជាតិ ក្នុងការអនុម័តទណ្ឌកម្មថ្មី លើកូរ៉េខាងជើង

តូក្យូ៖ រដ្ឋមន្ត្រីការបរទេស មកពីក្រុមប្រទេសអភិវឌ្ឍន៍ធំៗ ទាំង៧ (G7) បានឲ្យដឹងនៅថ្ងៃចន្ទ ថា ពួកគេ “សោកស្តាយយ៉ាងខ្លាំង” ការបរាជ័យដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្ម កាន់តែតឹងរ៉ឹងលើកូរ៉េខាងជើង បន្ទាប់ពីការសាកល្បងកាំជ្រួចចុងក្រោយ របស់ខ្លួន ដោយបានស្តីបន្ទោស ដោយប្រយោលពីប្រទេសចិន និងរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍ពីរ ក្នុងចំណោមសមាជិក អចិន្ត្រៃយ៍ទាំង៥ លើការធ្វើវេតូ សេចក្តីព្រាង សេចក្តីសម្រេច។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីមកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បូកនឹងសហភាពអឺរ៉ុប “ថ្កោលទោសក្នុងលក្ខខណ្ឌ ដ៏ខ្លាំងបំផុត” លើទីក្រុងព្យុងយ៉ាង ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោង អន្តរទ្វីប កាលពីថ្ងៃពុធសប្តាហ៍មុន ដែលជាទង្វើដែលពួកគេថា ” បំផ្លាញសន្តិភាព និងសន្តិសុខអន្តរជាតិ”។

ការបដិសេធសេចក្តីសម្រេច ដែលព្រាងដោយ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ គឺជាដំណោះស្រាយដំបូង របស់ក្រុមប្រឹក្សាសន្តិសុខ ដែលមានគោលបំណងរារាំងកូរ៉េខាងជើង ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលចាប់តាំងពីឆ្នាំ២០០៦ នៅពេលដែលទណ្ឌកម្មដំបូង ត្រូវបានអនុម័ត ហើយសមាជិកក្រុមប្រឹក្សាសន្តិសុខ ១៣ នាក់ផ្សេងទៀតបានបោះឆ្នោតគាំទ្រ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top