ប៉េកាំង៖ ប្រទេសចិន គាំទ្ររបបមិនរីកសាយភាយ ជាអន្តរជាតិជាមួយនឹង សន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយអាវុធ នុយក្លេអ៊ែរ ជាមូលដ្ឋានគ្រឹះរបស់ខ្លួន និងគាំទ្រដល់ការអភិវឌ្ឍន៍ តំបន់គ្មាននុយក្លេអ៊ែរ នៅប៉ាស៊ីហ្វិកខាងត្បូង នេះបើយោងតាមឯកសារជំហរ ដែលបានចេញផ្សាយនៅថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃប្រទេសចិននិងកោះប៉ាស៊ីហ្វិកទីពីរ។
កាសែតបានចុះផ្សាយថា ប្រទេសចិនប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅ នូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដោយបង្ហាញពីការគោរពគ្នា ទៅវិញទៅមក និងការអភិវឌ្ឍន៍រួមគ្នា ជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ដើម្បីកសាងសហគមន៍បណ្តាប្រទេស កោះចិន-ប៉ាស៊ីហ្វិក ឱ្យកាន់តែជិតស្និទ្ធ ជាមួយនឹងអនាគតរួមគ្នា។
ប្រទេសចិន សង្ឃឹមថានឹងធ្វើការជាមួយបណ្តាប្រទេស កោះប៉ាស៊ីហ្វិក ដើម្បីអនុវត្តតាមចក្ខុវិស័យ នៃសន្តិសុខរួម ទូលំទូលាយ សហប្រតិបត្តិការ និងនិរន្តរភាព ដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។
ភាគីទាំងពីរអាចធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងរួមគ្នាដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ ដែលមិនមែនជាប្រពៃណី។
នាយករដ្ឋមន្ត្រីហ្វីជី និងរដ្ឋមន្ត្រីការបរទេស Josaia Voreqe Bainimarama ហើយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលកំពុងបំពេញទស្សនកិច្ច បានធ្វើជាសហប្រធាន នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស ចិន-ប៉ាស៊ីហ្វិកលើកទី២ កាលពីថ្ងៃចន្ទនៅទីក្រុង Suva រដ្ឋធានីហ្វីជី៕
ប្រែសម្រួល ឈូក បូរ៉ា