ប៉េកាំង៖ ប្រទេសចិនបានអនុវត្ត គម្រោងរោងចក្រពេញលេញ ជិត៥០០កន្លែង ជំនួយបច្ចេកទេស ជំនួយក្នុងលក្ខណៈ និងគម្រោងកម្ចីសម្បទាន នៅក្នុងប្រទេសកោះប៉ាស៊ីហ្វិក ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត នេះបើយោងតាមឯកសារគោលជំហរ ដែលបានចេញផ្សាយនៅថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ចិន-ប៉ាស៊ីហ្វិក លើកទីពីរ។
ប្រភពបានឲ្យដឹងថា គម្រោងបែបនេះបានជួយប្រទេសកោះ ប៉ាស៊ីហ្វិក កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ ស្ពាន កំពង់ផែ មន្ទីរពេទ្យ សាលារៀន និងកីឡដ្ឋាន ហើយបានបណ្តុះបណ្តាលអ្នកជំនាញប្រហែល ១០០០០នាក់នៅក្នុងវិស័យផ្សេងៗ។
ប្រទេសចិន បានបញ្ជូនក្រុមគ្រូពេទ្យទៅកាន់ ប្រទេសកោះប៉ាស៊ីហ្វិក ចំនួនប្រាំបី ដែលមានទំនាក់ទំនងការទូត ជាមួយប្រទេសចិន ហើយបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការ ខ្សែក្រវ៉ាត់ និងផ្លូវជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ទាំង១០ ដែលមានទំនាក់ទំនងការទូត ជាមួយប្រទេសចិន។
ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុប រវាងប្រទេសចិន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ដែលមានទំនាក់ទំនងការទូត ជាមួយប្រទេសចិន បានចុះបញ្ជីកើនឡើង ជាមធ្យមប្រចាំឆ្នាំ ១៣ភាគរយ និងបានពង្រីកជាង ៣០ដង ខណៈដែលភាគីទាំងពីរបានបង្កើតខេត្ត/រដ្ឋ និងទីក្រុងរួមគ្នាចំនួន ២២ គូ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីហ្វ៊ីជី និងរដ្ឋមន្ត្រីការបរទេស Josaia Voreqe Bainimarama និងទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yiបានធ្វើជាសហប្រធាននៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស បណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក លើកទីពីរ កាលពីថ្ងៃចន្ទ៕
ប្រែសម្រួល ឈូក បូរ៉ា