ព័ត៌មានអន្តរជាតិ

មេដឹកនាំតួកគី និងអ៊ុយក្រែន ព្រមព្រៀងគ្នាលើតម្រូវការ ដើម្បីស្ដារសន្ដិភាព

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា លោកបានពិភាក្សាជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាលើតម្រូវការ ដើម្បីស្តារសន្តិភាពនៅអ៊ុយក្រែន។

លោក Zelensky បានសរសេរបន្ទាប់ពីកិច្ចពិភាក្សាថា “យល់ព្រមជាឯកច្ឆ័ន្ទលើតម្រូវការក្នុងការស្តារសន្តិភាពឡើងវិញ យើងដឹងគុណចំពោះជំនួយរបស់ប្រទេសតួកគីក្នុងដំណើរការនេះ” ។

ក្នុងអំឡុងពេលសន្ទនា លោក Zelensky និងលោល Erdogan ក៏បានពិភាក្សាអំពីការគំរាមកំហែងដល់សន្តិសុខស្បៀង ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន និងវិធីដើម្បីបិទច្រករបស់អ៊ុយក្រែនផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយការិយាល័យរបស់លោក Erdogan មេដឹកនាំទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍន៍ថ្មីៗក្នុងវិបត្តិអ៊ុយក្រែន ហើយលោក Erdogan បានលើកឡើងថា ប្រទេសតួកគី បានយកចិត្តទុកដាក់ចំពោះគម្រោងនៃការបង្កើតច្រករបៀងសុវត្ថិភាពសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែនតាមសមុទ្រ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក Erdogan បានលើកឡើងថា ប្រទេសតួកគីបានខិតខំប្រឹងប្រែង ដើម្បីបន្តការចរចាររវាងអ៊ុយក្រែន និងរុស្ស៊ី ហើយថាប្រទេសរបស់លោក បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រ ដែលត្រូវការរួមទាំងការសម្របសម្រួលផងដែរ៕ប្រែសម្រួល ឈូក បូរ៉ា

To Top