បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានពន្យល់កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងមិនផ្គត់ផ្គង់ ដល់អ៊ុយក្រែន នូវប្រព័ន្ធមីស៊ីល រយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាព វាយប្រហារជ្រៅទៅក្នុងទឹកដី រុស្ស៊ីនោះទេ។ នៅពេលសួរដោយអ្នកសារព័ត៌មាន អំពីលទ្ធភាពនៃការចែកចាយ បែបនេះ លោក Biden បានច្រានចោលទាំងស្រុង នូវលទ្ធភាពនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោកប្រធានាធិបតី បាននិយាយដោយមិនបានបញ្ជាក់ លម្អិតថា “យើងនឹងមិនបញ្ជូនប្រព័ន្ធរ៉ុក្កែត ឱ្យអ៊ុយក្រែន ដែលអាចវាយប្រហារចូល ទៅក្នុងប្រទេសរុស្ស៊ី នោះទេ” ។
ការប្រកាសរបស់លោក Biden កាលពីថ្ងៃចន្ទត្រូវបានស្វាគមន៍ដោយ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលបាននិយាយថាវា “សមហេតុផល” ដើម្បីជៀសវាងការផ្គត់ផ្គង់ ប្រព័ន្ធបែបនេះដល់ទីក្រុងគៀវ។ មុននេះ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានសម្តែងក្តីសង្ឃឹមថា “សុភវិនិច្ឆ័យនឹងឈ្នះ ហើយទីក្រុងវ៉ាស៊ីនតោន នឹងមិនចាត់វិធានការបង្កហេតុ បែបនេះទេ” ដែលនឹងនាំឱ្យមាន “ការកើនឡើង” នៃជម្លោះបន្ថែមទៀត។
កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយជាច្រើន របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា សេតវិមានកំពុងពិចារណា ក្នុងការបញ្ជូនប្រព័ន្ធរ៉ុក្កែត M270 MLRS និង M142 HIMARS ទៅកាន់អ៊ុយក្រែន ដែលអាបាញ់ បានចម្ងាយរហូតដល់ 500 គីឡូម៉ែត្រ។ ប្រព័ន្ធគ្រាប់រ៉ុក្កែត M270 Multiple Launch Rocket System (MLRS) និង M142 High Mobility Artillery Rocket System (HIMARS) គឺជាកំណែពីរនៃប្រព័ន្ធកាំភ្លើងធំ ដែលផលិតដោយ សហរដ្ឋអាមេរិក ដែលអាចបាញ់គ្រាប់រ៉ុក្កែត ប្រភេទដូចគ្នា។
សព្វាវុធទំនើបៗ នឹងអនុញ្ញាតឱ្យ កងកម្លាំងអ៊ុយក្រែន វាយលុកយ៉ាងជ្រៅ ទៅក្នុងទឹកដីរុស្ស៊ី និងអាចកំណត់គោលដៅទីក្រុងធំៗ៕
ប្រែសម្រួលៈ ណៃ តុលា