ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ ថា អាល្លឺម៉ង់ នឹងមានកងទ័ពណាតូ ច្រើនជាងគេនៅអឺរ៉ុប

បរទេស៖ អធិការបតីអាល្លឺម៉ង់ គឺលោក Olaf Scholz បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកកាលពីថ្ងៃច័ន្ទថា ផែនការរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការវិនិយោគដ៏ធំចំនួន ១០០ពាន់លានអឺរ៉ូ (107.35 ពាន់លានដុល្លារ) នៅក្នុងយោធារបស់ខ្លួន នឹងអនុញ្ញាតឱ្យប្រទេសនេះ ពង្រីកកម្លាំងប្រយុទ្ធ របស់ខ្លួនយ៉ាងខ្លាំង។ លោកបាននិយាយថា នេះនឹងធ្វើឱ្យកងទ័ពអាល្លឺម៉ង់ ក្លាយជាកងទ័ពដ៏ធំបំផុត នៅអឺរ៉ុប ក្នុងចំណោមសមាជិក ផ្សេងទៀតរបស់ណាតូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការសន្យាដែលមេដឹកនាំអាល្លឺម៉ង់ បានធ្វើនៅក្នុងបទសម្ភាសន៍ ជាមួយកាសែតអាល្លឺម៉ង់ ជាច្រើន បានធ្វើឡើងបន្ទាប់ពីក្រុមសភាសំខាន់ៗ របស់ប្រទេសនេះ បានព្រមព្រៀងគ្នា កាលពីយប់ថ្ងៃអាទិត្យ ចំពោះការលើកលែង ពិសេសដែលចាំបាច់ ដើម្បីខ្ចីប្រាក់និងវិនិយោគ នៅក្នុងវិស័យយោធា។

សម្ព័ន្ធដែលកំពុងកាន់អំណាច ត្រូវការការគាំទ្រពីសមាជិកសភា បក្សប្រឆាំង ដើម្បីទទួលបានសំឡេង ពីរភាគបី ដើម្បីអនុម័តសេចក្តីសម្រេចនេះ ដែលទាមទារឱ្យ មានវិសោធនកម្មច្បាប់ មូលដ្ឋាន របស់ប្រទេសអាល្លឺម៉ង់។ ការបោះឆ្នោតពិតប្រាកដ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅមុនពេល សភា ឈប់សម្រាកនៅរដូវក្តៅ៕

ប្រែសម្រួលៈ ណៃ តុលា

To Top