បរទេស៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា សេតវិមានរបស់អាមេរិក បានបង្ហាញក្តីបារម្ភថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី អាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពរបស់កាសែត គឺថា មន្ត្រីកំពូលនៅក្នុងរដ្ឋបាល របស់ប្រធានាធិបតី Joe Biden ជឿថា ការរឹបអូសទ្រព្យសម្បត្តិ នឹងខុសច្បាប់ ហើយអាចបង្អាក់ប្រទេសផ្សេងទៀត ពីការពឹងផ្អែកលើសហរដ្ឋអាមេរិក និងប្រាក់ដុល្លារជាជម្រកសុវត្ថិភាព សម្រាប់ការវិនិយោគ។
ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី និងប្រើប្រាស់វាដើម្បីកសាងអ៊ុយក្រែនឡើងវិញ គឺជាប្រធានបទសំខាន់ នៅក្នុងកិច្ចប្រជុំរបស់មន្ត្រីសេដ្ឋកិច្ចកំពូល មកពីប្រទេស G7 កាលពីពីរសប្តាហ៍មុន។ ប្រទេសកាណាដា អាល្លឺម៉ង់ និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួន គាំទ្រគំនិតនេះ ដែលត្រូវបានលើកឡើងដំបូង ដោយប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោកJosep Borrell ។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានប្រុងប្រយ័ត្ន។
ប្រធានរតនាគារជាតិអាមេរិក លោកស្រី Janet Yellen បាននិយាយកាលពីខែមុនថា ការរឹបអូសមូលនិធិរុស្ស៊ីជាជំនួយដល់អ៊ុយក្រែននឹងខុសច្បាប់។ យោងតាមកាសែត New York Times , មន្ត្រីនៅក្នុងរដ្ឋបាលលោក Biden កំពុងជជែកវែកញែកថា តើការរឹបអូសបែបនេះនឹង “លើកទឹកចិត្តប្រទេសផ្សេងទៀត ឱ្យដាក់ទុនបម្រុងធនាគារកណ្តាលរបស់ពួកគេ នៅក្នុងរូបិយប័ណ្ណផ្សេងទៀត ហើយរក្សាវាឱ្យនៅក្រៅដៃអាមេរិក ឬយ៉ាងណា”។ មិនទាន់មានការសម្រេចចិត្តនៅឡើយទេ លើបញ្ហានេះ៕ ប្រែសម្រួលៈ ណៃ តុលា