ម៉ូស្គូ៖ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានកាន់កាប់ផ្នែកខាងកើតនៃទីក្រុង Severodonetsk ដែលជាមជ្ឈមណ្ឌលរដ្ឋបាលនៃផ្នែកដែលគ្រប់គ្រងដោយអ៊ុយក្រែននៃតំបន់ Lugansk ប្រទេសអ៊ុយក្រែន។
ទន្ទឹមនឹងនេះ លោក Sergey Gaidai ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Lugansk បានឲ្យដឹងនៅលើ Facebook ថា រុស្ស៊ី បានរឹបអូសបានប្រហែល ៨០ភាគរយនៃទីក្រុង Severodonetsk ។
លោក Gaidai បានលើកឡើងថា ការប្រយុទ្ធគ្នាតាមដងផ្លូវនៅក្នុងទីក្រុងបានបន្ត ហើយកងកម្លាំងអ៊ុយក្រែនបានធ្វើការវាយបកនៅផ្នែកខ្លះនៃទីក្រុង Severodonetsk នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Gaidai បានបន្ថែមថា ទាហានអ៊ុយក្រែនបានចាប់ទាហានរុស្ស៊ី ៦នាក់ក្នុងអំឡុងពេលប្រយុទ្ធសម្រាប់ទីក្រុង Severodonetsk ៕ប្រែសម្រួល ឈូក បូរ៉ា