ព័ត៌មានអន្តរជាតិ

យូអិន ព្រមាន​ពី​វិបត្តិ​ស្បៀងអាហារ​ សកល​ដែល​អាច​កើត​ឡើង ​ដោយ​សារ​ជម្លោះ​រុស្ស៊ី​ និង​អ៊ុយក្រែន

យូអិន៖ ជម្លោះរុស្ស៊ី-អ៊ុយក្រែន អាចនាំឱ្យមានវិបត្តិស្បៀងអាហារពិភពលោកដែលនឹងប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំងបំផុត នេះជាការព្រមានពីអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នៅទីក្រុង Stockholm កាលពីថ្ងៃពុធ។

លោក Guterres បានជួបជាមួយនាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson ដើម្បីពិភាក្សាអំពីស្ថានភាពសន្តិសុខនៅអឺរ៉ុប ការងើបឡើងវិញពីជំងឺរាតត្បាត និងការផ្លាស់ប្តូរពណ៌បៃតង។

លោក Guterres បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំមួយថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន កំពុងបង្កើតទុក្ខវេទនា និងការបំផ្លិចបំផ្លាញ ហើយ “ត្រូវតែបញ្ចប់ឥឡូវនេះ” ។

លោកក៏បានអំពាវនាវឱ្យមានការសម្រេចចិត្តយ៉ាងឆាប់រហ័ស ដើម្បីទប់ទល់នឹងវិបត្តិស្បៀងអាហារដែលអាចកើតឡើងពីជម្លោះ ដោយធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ប្រឈមនឹងហានិភ័យបំផុត។

លោកបានព្រមានថា ស្ថានភាពនេះកំពុងជំរុញ “វិបត្តិពិភពលោក ៣វិមាត្រសម្រាប់អាហារ ថាមពល និងហិរញ្ញវត្ថុ” ដែលកំពុងប៉ះពាល់ដល់ “ប្រជាជនដែលងាយរងគ្រោះបំផុត ប្រទេស និងសេដ្ឋកិច្ច”។ លោកបានបន្ថែមថា “ព្យុះដ៏ល្អឥតខ្ចោះ” កំពុងគំរាមកំហែងបំផ្លាញសេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន៕ប្រែសម្រួល ឈូក បូរ៉ា

To Top