បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា អ៊ុយក្រែនគឺមិនអាចជឿទុកចិត្តបាន ក្នុងការអនុវត្តតាម ការចង់បានរបស់ទីក្រុងវ៉ាស៊ីនតោន និងមិនប្រើប្រាស់ ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក មកប្រឆាំងនឹងគោលដៅ នៅក្នុងប្រទេសរុស្ស៊ីនោះទេ។ មន្ត្រីបានអះអាងថា ទីក្រុងគៀវ គឺមានកំណត់ត្រាមិនល្អ ក្នុងការរក្សាពាក្យសម្ដី របស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Peskov បានធ្វើអត្ថាធិប្បាយលើការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ឱ្យអ៊ុយក្រែន នូវគ្រាប់រ៉ុក្កែតប្រភេទ HIMRAS ។ មន្ត្រីអាមេរិកបានបញ្ជាក់ថា ប្រព័ន្ធសព្វាវុធនឹងមិនត្រូវ បានប្រើប្រាស់ប្រឆាំងនឹង គោលដៅនៅក្នុងប្រទេសរុស្ស៊ី ឡើយ ដោយលើកហេតុផលថា នេះបានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន មិនមែនជាភាគី នៃជម្លោះអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសន្យាថា នឹងគោរពការធានា របស់សហរដ្ឋអាមេរិក នៅពេលគាត់និយាយ ទៅកាន់ Newsmax ។
នៅពេលសួរអំពីការសន្យា លោក Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង របស់រុស្ស៊ី បាននិយាយថា រុស្ស៊ីមិនទុកចិត្ត Zelensky ដើម្បីរក្សាពាក្យរបស់គាត់ទេ៕
ប្រែសម្រួលៈ ណៃ តុលា
