ព័ត៌មានអន្តរជាតិ

លោក បៃដិន បញ្ជូនគ្រាប់រ៉ុក្កែតទៅកាន់ទីក្រុងគៀវ ខណៈដែលអាមេរិកព្រមានថា សង្រ្គាមអ៊ុយក្រែន នឹងអូសបន្លាយជាច្រើនខែទៀត

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃពុធ នូវកញ្ចប់សព្វាវុធថ្មីតម្លៃ ៧០០ លានដុល្លារសម្រាប់អ៊ុយក្រែន ដែលរួមមានប្រព័ន្ធរ៉ុក្កែតកម្រិតខ្ពស់ ដែលអាចវាយប្រហារកងកម្លាំងរុស្ស៊ី ពីចម្ងាយរហូតដល់ ៨០គីឡូម៉ែត្រ។

ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមានថា ជម្លោះអាចនឹងអូសបន្លាយ រយៈពេលជាច្រើនខែទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

ដើម្បីជៀសវាងការធ្វើឱ្យ សង្រ្គាមកាន់តែកើនឡើង ទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីផែនការ ផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធរ៉ុក្កែត Himars ច្បាស់លាស់ បន្ទាប់ពីទទួលបានការធានាពីទីក្រុងគៀវ ថាខ្លួននឹងមិនប្រើពួកវា ដើម្បីវាយប្រហារគោលដៅ នៅក្នុងទឹកដីរុស្ស៊ីនោះទេ។

លោក បៃដិន បានលើកឡើងថា “សហរដ្ឋអាមេរិក នឹងឈរជាមួយដៃគូអ៊ុយក្រែនរបស់យើង ហើយបន្តផ្តល់ឱ្យអ៊ុយក្រែន នូវអាវុធ និងឧបករណ៍ដើម្បីការពារខ្លួន” ។

មន្ត្រីមន្ទីរបញ្ចកោណកំពូលមួយរូបបានឲ្យដឹងថា ដំបូងឡើយសហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធ Himars ចំនួនបួនទៅកាន់អ៊ុយក្រែន ដោយកត់សម្គាល់ថា វានឹងចំណាយពេលប្រហែល 3 សប្តាហ៍ដើម្បីបណ្តុះបណ្តាល កងកម្លាំងអ៊ុយក្រែនឱ្យប្រើប្រាស់វា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top