ព័ត៌មានអន្តរជាតិ

អង្គការសិទ្ធមនុស្ស​ ចោទបារាំង ប្រព្រឹត្តទោស ឧក្រិដ្ឋកម្មសង្គ្រាម

បរទេស ៖ អង្គការសិទ្ធមនុស្សធំៗ ចំនួន៣បានដាក់ពាក្យប្តឹង ក្រុមហ៊ុនផលិតអាវុធ របស់ប្រទេសបារាំង ចំនួន៣ ដែលមានដូចជា Dassault Aviation, Thales និង MBDA ថាបានធ្វើការលក់ អាវុធជាច្រើន ទៅឲ្យប្រទេស អារ៉ប៊ីសាអូឌីត និងសហភាពអារ៉ាប់រួម ព្រមទាំងប្រព្រឹត្តសកម្មភាព ឧក្រិដ្ឋកម្មសង្គ្រាម តាមរយៈជួយផ្គត់ផ្គង់អាវុធ នៅក្នុងជម្លោះនៅយេមែនផងដែរ ។

អង្គការសិទ្ធមនុស្សទាំងបី ដែលមានដូចជា the European Centre for Constitutional and Human Rights (ECCHR), the Mwatana for Human Rights និង Sherpa International បានធ្វើការចោទប្រកាន់នេះ ដោយផ្អែកទៅលើការវាយប្រហារ ចំនួន២៧លើទីតាំងមន្ទីរពេទ្យចំនួន៤កន្លែង សាលារៀន៣កន្លែងនិងទីតាំងស្នាក់នៅបណ្តោះអាសន្ន របស់ជនភៀសខ្លួន ជាច្រើននាពេលកន្លងមកផង។

ការចោទប្រកាន់នេះធ្វើឡើង ក្រោយពេលមើលឃើញថា អាវុធដែលត្រូវបានប្រើប្រាស់ ដោយកងកម្លាំងយោធាទាំងនោះគឺ ជាផលិតផលដែលត្រូវបានផលិតឡើង ដោយក្រុមហ៊ុនបារាំង ទាំង៣ខាងលើ។

គួរឲ្យដឹងដែរថា កន្លងមកយូអិនក៏ធ្លាប់បានរាយការណ៍ផងដែរ កាលពីឆ្នាំ២០២០ថា សំភារៈយោធាដែលលោកខាងលិចបានចាក់បញ្ចូល ទៅក្នុងជម្លោះក្នុងប្រទេសយេមែន មានចំនួន ច្រើនគិតចាប់តាំង តែពីឆ្នាំ២០១៥ហើយ ជាលទ្ធផលវាបានធ្វើឲ្យមានការបាត់បង់ជីវិត មនុស្សដល់ទៅជាង១៥០០០០នាក់ មកហើយព្រមទាំងរុញច្រានឲ្យមនុស្សរាប់លាននាក់ ធ្លាក់ចូលក្នុងភាពអត់ឃ្លានទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top