ព័ត៌មានអន្តរជាតិ

OPEC+ យល់ស្រប​ ចំពោះការកើនឡើង ទិន្នផលប្រេងដ៏សំខាន់ នៅក្នុងខែកក្កដា

វីយែន ៖ អង្គការនៃប្រទេស នាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុម ដែលគេស្គាល់ថាជា OPEC+ កាលពីថ្ងៃព្រហស្បតិ៍ បានយល់ព្រមលើការកើនឡើងទិន្នផល ប្រេងសំខាន់ៗនៅក្នុងខែកក្កដា ចំពេលមានការអំពាវនាវ ឱ្យសម្ព័ន្ធមិត្តជួយទប់ស្កាត់ ការឡើងថ្លៃប្រេង។

ក្រុមនេះបានយល់ព្រមបង្កើន ផលិតកម្មប្រេងចំនួន ៦៤៨,០០០បារ៉ែល ក្នុងមួយថ្ងៃ (bpd) ក្នុងខែកក្កដា ដែលខ្ពស់ជាងការកើនឡើង ប្រចាំខែមុនរបស់ខ្លួន ចំនួន ៤៣២,០០០bpd ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែន OPEC លើកទី២៩ បានសម្រេចចិត្តជំរុញការ កែសម្រួលផលិតកម្ម ដែលបានគ្រោងទុកសម្រាប់ខែកញ្ញា និង “ចែកចាយឡើងវិញស្មើៗគ្នា” នូវការកើនឡើងទិន្នផល ៤៣២,០០០ bpd សម្រាប់ខែកក្កដា និងសីហា នេះបើយោងតាមសេចក្តី ថ្លែងការណ៍របស់ OPEC ដែលចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំ ។

ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ មិនបានបញ្ជាក់ពីការដំឡើង ផលិតកម្ម ៦៤៨,០០០bpd នៅក្នុងខែសីហានោះទេ។ ផែនការផលិតកម្ម OPEC+ សម្រាប់ខែសីហា យោងតាមការអនុវត្តរបស់ក្រុមនេះ នឹងត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីបន្ទាប់របស់ខ្លួន ដែលនឹងត្រូវប្រជុំនៅថ្ងៃទី៣០ ខែមិថុនា ។

យោងតាមសេចក្តីថ្លែងការណ៍ កិច្ចប្រជុំ កាលពីថ្ងៃព្រហស្បតិ៍បានកត់សម្គាល់ “ការបើកឡើងវិញថ្មី បំផុតពីការចាក់សោរ នៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ច ពិភពលោកសំខាន់ៗ” និងការកើនឡើងសមត្ថភាពរំពឹងទុក នៃរោងចក្រចម្រាញ់ប្រេងពិភពលោក បន្ទាប់ពីការថែទាំតាមរដូវកាល ។ អ្នកចូលរួមក៏បាន “គូសបញ្ជាក់ពីសារៈសំខាន់នៃទីផ្សារស្ថិរភាព និងតុល្យភាពសម្រាប់ទាំងប្រេងឆៅ និងផលិតផលចម្រាញ់” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top