វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បានប្រកាសអំពីការ ដាក់ទណ្ឌកម្មថ្មី សំដៅលើឥស្សរជននយោបាយ និងធុរកិច្ចរុស្ស៊ី ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីដាក់ទណ្ឌកម្ម បន្ថែមលើប្រទេសរុស្ស៊ី ចំពោះប្រតិបត្តិការយោធារបស់ខ្លួន នៅអ៊ុយក្រែន។
យោងតាមរបាយការណ៍ពីសេតវិមាន នាយកដ្ឋានរតនាគារ នឹងដាក់ទណ្ឌកម្មលើលោក Sergei Roldugin និងសមាជិកគ្រួសាររបស់លោក។ សេតវិមានបានឲ្យដឹងថា លោក Roldugin គឺជាសហការីជិតស្និទ្ធ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងជាអ្នកគ្រប់គ្រងលុយ នៃទ្រព្យសម្បត្តិនៅឯនាយសមុទ្រ របស់លោក ពូទីន។
នៅក្នុងបញ្ជីទណ្ឌកម្មក៏មាន នាយកប្រតិបត្តិនៃក្រុមហ៊ុន Imperial Yachts ដែលសេតវិមានបានឲ្យដឹងថា ផ្តល់សេវាកម្ម ដល់មជ្ឈដ្ឋាន ខាងក្នុងរបស់លោកពូទីន និងជាប្រធានសាជីវកម្មយន្តហោះ United Aircraft ដែលជាក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី ដែលគាំទ្រឧស្សាហកម្ម ការពាររបស់ប្រទេស។
បន្ថែមពីលើនេះ ក្រសួងការបរទេសនឹងដាក់ទណ្ឌកម្ម លើបុគ្គលរុស្ស៊ីមួយចំនួន រួមទាំងលោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី និងមន្ត្រីរាជការ God Nisanov និង Alexey Mordashov ផងដែរ។
សេតវិមានបានឲ្យដឹងទៀតថា Mordashov ដែលសមាជិកគ្រួសារ និងក្រុមហ៊ុនរបស់ពួកគេ កំពុងត្រូវបានដាក់ទណ្ឌកម្មនោះ មានទំនាក់ទំនងជាមួយក្រុមហ៊ុន ផលិតដែកក្នុងស្រុកឈាន មុខគេរបស់រុស្ស៊ី ។
ក្នុងគោលបំណងកំណត់បន្ថែមទៀត នូវសមត្ថភាពរបស់យោធារុស្ស៊ី ក្នុងការទទួលបានបច្ចេកវិទ្យា និងរបស់របរផ្សេងទៀត ដែលត្រូវការសម្រាប់ទ្រទ្រង់ ប្រតិបត្តិការយោធារបស់ខ្លួន នាយកដ្ឋានពាណិជ្ជកម្ម នឹងបន្ថែមអង្គភាព ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី និងបេឡារុស្សចំនួន ៧១ ទៅក្នុងបញ្ជីអង្គភាព “ដោយកាត់បន្ថយពួកគេពីការទទួលបានប្រភពដើម ពីសហរដ្ឋអាមេរិក។ វត្ថុ ឬផលិតផល ដែលផលិតពីបរទេស បានមកពីបច្ចេកវិជ្ជា ឬសូហ្វវែរមួយចំនួន របស់សហរដ្ឋអាមេរិក” ៕ប្រែសម្រួល ឈូក បូរ៉ា