បរទេស៖ ប្រទេសស្វីសបានធ្វើការសម្រេចចិត្ត កាលពីថ្ងៃសុក្រថា ការដឹកជញ្ជូនសព្វាវុធ ដែលមានធាតុផ្សំ ដែលផលិតដោយស្វីស ទៅកាន់អ៊ុយក្រែន មិនបំពានលើអព្យាក្រឹតភាព ដែលមានអាយុកាលរាប់សតវត្ស របស់ប្រទេសនេះទេ ប្រសិនបើលក្ខខណ្ឌមួយចំនួន ត្រូវបានបំពេញ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមរដ្ឋាភិបាលថា “ការផ្តល់សម្ភារៈសង្រ្គាមក្នុងទម្រង់ ជាធាតុដំឡើង ឬគ្រឿងបន្លាស់ទៅឱ្យក្រុមហ៊ុនសព្វាវុធ អឺរ៉ុបនឹងនៅតែអាចធ្វើបាន ទោះបីជាសម្ភារៈសង្គ្រាមដែលផលិត បានទំនងជាត្រូវបញ្ជូនទៅអ៊ុយក្រែន ក៏ដោយ»។
ក្រុមមន្ត្រីបានបញ្ជាក់បន្ថែមថា ការនាំចេញអាវុធឡើងវិញត្រូវបានអនុញ្ញាត ប្រសិនបើចំណែកនៃធាតុផលិតរបស់ប្រទេសស្វីសនៅក្នុងផលិតផលចុងក្រោយគឺទាបជាងកម្រិតជាក់លាក់មួយ ដូចជា 50% សម្រាប់ប្រទេសដូចជាអ៊ីតាលី និងអាល្លឺម៉ង់។
យ៉ាងណាក៏ដោយ សម្រាប់ការនាំចេញឡើងវិញនូវអាវុធ និងគ្រាប់រំសេវ ដែលផលិតដោយស្វីស ទាំងស្រុង នៅតែចាត់ទុកថា នឹងនៅតែបំពានលើអព្យាក្រឹតភាពរបស់ប្រទេសស្វីសដដែល។
សូមជម្រាបថា ថ្មីៗនេះ ប្រទេសស្វីសបានច្រានចោល សំណើរបស់ប្រទេសដាណឺម៉ាក ក្នុងការផ្តល់ឱ្យអ៊ុយក្រែន នូវរថពាសដែកចម្បាំង Piranha III ផលិតនៅប្រទេសស្វីសចំនួន 22 គ្រឿង ក៏ដូចជាសំណើ របស់អាល្លឺម៉ង់ក្នុងការផ្តល់ឱ្យ ទីក្រុងគៀវនូវគ្រាប់ ចំនួន 12,400 ផលិតនៅប្រទេសស្វីសដែលប្រើក្នុងរថក្រោះប្រឆាំងយន្តហោះ Gepard ៕
ប្រែសម្រួលៈ ណៃ តុលា