ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានរិះគន់សហរដ្ឋអាមេរិកលើកឡើងថា សហរដ្ឋអាមេរិក បាននិងកំពុងចូលរួមក្នុង “ការទូតបង្ខិតបង្ខំ” ហើយថាប្រទេសចិន ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេសទាំងអស់ដែលគាំទ្រយុត្តិធម៌ ដើម្បីប្រឆាំងនឹងគ្រប់ទម្រង់ នៃអំពើបង្ខិតបង្ខំនៅជុំវិញពិភពលោក។
អ្នកនាំពាក្យ Zhao Lijian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយថ្មីៗរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលចោទប្រកាន់ប្រទេសចិន ពីបទ “បង្ខិតបង្ខំការទូត”។
លោក Zhao បានលើកឡើងថា វាគឺជាសហរដ្ឋអាមេរិក ដែលចូលរួមក្នុង “ការទូតបង្ខិតបង្ខំ” ដោយបន្ថែមថា ប្រទេសចិន មិនដែលប្រើអំពើបង្ខិតបង្ខំណាមួយឡើយ ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះប្រទេសណាដែលធ្វើដូច្នេះ។
អ្នកនាំពាក្យរូបនេះបានបន្ដថា នៅពេលដែលអធិបតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូររបស់ចិន ត្រូវបានបង្ខិតបង្ខំ ឬរំលោភបំពាន ប្រទេសចិនចាត់វិធានការតបតដោយសមហេតុផល និងស្របច្បាប់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ព្រមទាំងលើកកំពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។
ដោយហៅសហរដ្ឋអាមេរិកថាជា “ពិរុទ្ធជន” នៃ “ការទូតបង្ខិតបង្ខំ” លោក Zhao បានលើកឡើងថា សិទ្ធិច្នៃប្រឌិត សិទ្ធិប៉ាតង់ និងសិទ្ធិកម្មសិទ្ធិបញ្ញានៃ “ការទូតបង្ខិតបង្ខំ” ជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕
ប្រែសម្រួល ឈូក បូរ៉ា