ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួង ការបរទេសអាល្លឺម៉ង់ បំពេញទស្សនកិច្ច នៅក្នុងប្រទេស ប៉ាគីស្ថាន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា តបតាមលិខិតអញ្ជើញ របស់លោករដ្ឋមន្ត្រីក្រសួង ការបរទេស នៃប្រទេសប៉ាគីស្ថាន Bilawal Bhutto Zardari នោះពេលនេះ រដ្ឋមន្ត្រីក្រសួងការបរទេស អាល្លឺម៉ង់លោក Annalena Baerbock គឺបានរៀបចំពេលវេលា រួចទៅហើយដើម្បីធ្វើដំណើរបំពេញ ទស្សនកិច្ចជាផ្លូវរដ្ឋទៅកាន់ប្រទេស ប៉ាគីស្ថាន ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ខែមិថុនា។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយក្រសួង ការបរទេស របស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទម្សិលមិញ ដោយបញ្ជាក់ទៀតថា អំឡុងនៃដំណើរ ទស្សនកិច្ច រយៈពេល២ថ្ងៃរដ្ឋមន្ត្រី ទាំងពីរគឺ នឹង ត្រូវជួបពិភាក្សាគ្នា ទៅលើប្រធានបទជាច្រើន ដែលមានរួមទាំងបញ្ហាក្នុង តំបន់ព្រម ទាំងបញ្ហាក្នុងសកល លោកផងដែរ។

នៅក្នុងសេចក្តីប្រកាសបញ្ជាក់ដដែល បានឲ្យដឹងដែរថា លោករដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ ក៏នឹងត្រូវជួបជាមួយនឹង នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shahbaz Sharif ផងដែរនៅអំឡុងពេល នៃដំណើរទស្សនកិច្ចលើកនេះ។

សេចក្តីថ្លែងការណ៍ដដែល ក៏បានសរសេរដែរថា អាល្លឺម៉ង់គឺជាដៃគូដ៏មានតម្លៃ របស់ប៉ាគីស្ថានទាំងក្នុងលក្ខខណ្ឌទ្វេភាគី និងលក្ខខណ្ឌជាមួយនឹងប្លុកអឺរ៉ុបផង ហើយជឿជាក់ថា ដំណើរទស្សនកិច្ច លើកនេះនឹងឆ្លុះបញ្ចាំង ឲ្យកាន់តែច្បាស់អំពីភាពរឹងម៉ាំយូរអង្វែង
នៃទំនាក់ទំនងទ្វេភាគីនិងកិច្ច សហប្រតិបត្តិការរវាងគ្នាផង ៕

ប្រែសម្រួល៖ស៊ុនលី

To Top