បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញលោក Mateuzs Morawieki កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថាប្រទេសប៉ូឡូញ នឹងធ្វើការនាំចេញអាវុធដែល ផលិតនៅក្នុងប្រទេសទំហំប្រមានជា ៦៣០លានដុល្លារ ទៅកាន់ប្រទេសអ៊ុយក្រែន។
លោកនាយករដ្ឋមន្ត្រី ក៏បានហៅកិច្ចព្រមព្រៀងនេះ ជាកុងត្រាយោធាដែលមានតម្លៃ និងធំបំផុតរបស់រដ្ឋាភិបាលទីក្រុង Warsaw មិនធ្លាប់មានឡើយក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។
ថ្លែងនៅឯរោងចក្រផលិតអាវុធរបស់ប៉ូឡូញ Stalowa Wola កាលពីថ្ងៃអង្គារម្សិលមិញដដែលនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់បែបនេះថា៖ ថ្ងៃនេះពួកយើងរីករាយណាស់ដែលអាចចាប់យក ឱកាសក្នុងការលក់អាវុធ របស់យើងទៅក្រៅប្រទេស។ នេះគឺជាការព្យាយាមនិងសាកល្បង ដែលមិនត្រឹមតែមានសារៈសំខាន់ សម្រាប់ការលក់អាវុធ នោះទេប៉ុន្តែវាគឺជាភាពចាំបាច់ សម្រាប់ជីវិតមនុស្សដែលជាពិសេស ពលរដ្ឋអ៊ុយក្រែនៅភាគខាងលិចប្រទេស។
លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ឲ្យដឹងទៀតដែរថា កញ្ចប់លុយទាំងនោះភាគច្រើន គឺជាកញ្ចប់ថវិកាជំនួយដោយ សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ហើយប៉ូឡូញនឹងប្រើប្រាស់លុយ ទាំងនោះក្នុងការបង្កើនផលិតកម្ម ផលិតអាវុធរបស់ខ្លួនបន្ថែមទៀត នាពេលខាងមុខ៕
ប្រែសម្រួល៖ ស៊ុន លី