ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ថា យោងតាមសេចក្តីថ្លែងការណ៍ យោធាមួយបានដាក់ថា កាលពីថ្ងៃអង្គារ យន្តហោះចម្បាំងស៊ីរី និងរុស្ស៊ី បានធ្វើសមយុទ្ធយោធារួមគ្នា ស្របពេលមានការកើនឡើង នៃការវាយប្រហាររបស់អ៊ីស្រាអ៊ែល ។
សេចក្តីថ្លែងការណ៍បានដាក់ថា សមយុទ្ធ និងការល្បាតបានធ្វើឡើង នៅជិតតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអ៊ែល នៅភាគខាងត្បូងនៃប្រទេសស៊ីរី និងនៅក្នុងផ្នែកភាគខាងជើង និងភាគខាងកើត នៃប្រទេសស៊ីរីផងដែរ ។
យន្តហោះចម្បាំងរុស្ស៊ី SU-35 ចំនួន២គ្រឿង និងយន្តហោះចម្បាំង MiG របស់ស៊ីរី ចំនួន៦គ្រឿង បានចូលរួមក្នុងសមយុទ្ធនេះ ដែលក្នុងនោះពួកគេបានប្រឈមមុខ នឹងយន្តហោះនិម្មិត និងយន្តហោះគ្មានមនុស្សបើក ។
សេចក្តីថ្លែងការណ៍បានដាក់ទៀតថា ផ្នែកខ្លះនៃសមយុទ្ធត្រូវបានធ្វើឡើង នៅពេលល្ងាចជាលើកដំបូង ដែលយន្តហោះស៊ីរី បានទទួលជោគជ័យ ក្នុងការកម្ទេចគោលដៅនិម្មិតទាំងនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា